ព្រហស្បតិ៍ , 29 កញ្ញា 2022
លោក អេ ភូថង ពោលពាក្យមួយឃ្លានេះធ្វើឲ្យអ្នកស្នេហាគុនខ្មែរពេញចិត្តមិនស្ទើរទេ ក្រោយកូនប្រុសទាំងពីរធ្វើព្យុះភ្លៀងនៅស្រុកថៃ
អតីតអ្នកប្រដាល់កែងឆេះជង្គង់ទិព្វ អេ ភូថង បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ក្រោយកូនប្រុសរបស់ខ្លួន ម៉ឺន មេឃា បានផ្ដួលកីឡាករថៃ ស្មិញនុម ផេតប៊ុនមី ត្រឹមទឹកទី៣ តាមរយៈការប្រើកណ្ដាប់ដៃនៅសង្វៀន Petchyindee កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
ក្រោយចប់ការប្រកួតភ្លាមៗឪពុករបស់ ម៉ឺន មេឃា រូបនេះបាននិយាយថា «បំណងដែលចង់មកផ្សព្វផ្សាយគុនខ្មែរនៅលើទឹកដីថៃបានសម្រេចហើយ»។ ការនិយាយនេះក្រោយកូនប្រុសរបស់ខ្លួនទាំងពីរឈ្នះការប្រកួតដូចគ្នា ដោយ អេអាំម៉ារិន ភូថង បានឈ្នះការប្រកួតលើកីឡាករថៃ រ៉ាក់សុរិន្ទ កាលពីថ្ងៃទី២៣ នៅសង្វៀន Petchyindee ដូចបងប្រុស ម៉ឺន មេឃា ដែលទើបសាងប្រវត្តិសាស្ត្រយ៉ាងដូច្នេះដែរ។
ជាងនេះទៅទៀតបើតាមវីដេអូក្នុងបទសម្ភាសន៍ផ្លូវការមួយរបស់ប្រទេសថៃជាមួយលោក អេ ភូថង គឺកូនប្រុសរបស់លោក អេអាំម៉ារិន ភូថង នឹងទទួលបានឱកាសចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ ១៣៥ ផោន ដែលជាខ្សែក្រវាត់ លំដាប់មួយរបស់ថៃ បើសិនកីឡាករជំនាញប្រើជង្គង់របស់កម្ពុជាខាងលើអាចឈ្នះពីរប្រកួតទៀតនៅលើទឹកដីថៃ។ ចំណែក មេឃា ក៏ទទួលបានឱកាសល្អមួយដែរ គឺគេនឹងត្រូវក្លាយជាគូឯកវិញម្ដង ប្រសិនបើមានការផ្គូផ្គងត្រូវរ៉ូវគ្នាម្ដងទៀតនៅសង្វៀនខាងលើ៕
សូមបញ្ចេញមតិនៅទីនេះ