សៅរ៍ , 01 តុលា 2022
ថ្មីទៀតហើយ ! ម៉ឺន មេឃា និង អេអាំរិន ចាប់ផ្តើមធ្វើឱ្យអ្នកចាប់គូ និងកីឡាករជើងខ្លាំង ថៃ នៅលែងសុខ
ក្រោយធ្វើព្យុះភ្លៀងមួយប្រាវនៅលើទឹកដី ថៃ សង្វៀន Petchyindee និងអ្វីដែលពិសេសគឺ ម៉ឺន មេឃា បានយកឈ្នះទៅលើអ្នកលេងផ្លែជង្គង់ Sming Num ត្រឹមទឹកទី៣ ដោយការប្រើកណ្ដាប់ដៃវាយពេញៗ ធ្វើឲ្យភាគីខាងម្ចាស់ផ្ទះមិនអាចបន្តការប្រកួតបាន។ ដោយឡែក អេអាំម៉ារិន បានយកឈ្នះកីឡាករលំដាប់ B របស់ ថៃ ពីររូបជាប់គ្នាមក កាន់តែធ្វើឱ្យអ្នកចាប់គូកីឡាករ មួយថៃ និងកីឡាករ លំដាប់ៗរបស់ ថៃ កំពុងដេកមិនលក់ បក់មិនល្ហើយ ចង់ជួប ២ នាក់បងប្អូន រហូតត្រូវបានលោក អេ ភូថង បង្ហើបថា កូនប្រុសរបស់លោកទាំងពីរកំពុងទទួលបានការចាប់អារម្មណ៍ពីខាង ថៃ ផ្គូផ្គងឲ្យប៉ះកីឡាករ ថៃលំដាប់ៗបន្ថែមទៀត។
ក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយ Lee News អតីតអ្នកប្រដាល់កែងឆេះ ជង្គង់ទិព្វ អេ ភូថង បានប្រាប់ឲ្យដឹងថា ម៉ឺន មេឃា ក៏ត្រូវបានខាង ថៃ ចាប់អារម្មណ៍ចង់ឲ្យប៉ះកីឡាកររបស់គេម្ដងទៀតក្នុងតំណែងគូឯក ដែលថៃនោះជាកីឡាករលំដាប់នៅសង្វៀនខាងលើតែម្តង។ ប៉ុន្តែការផ្តល់ព័ត៌មាននេះលោក អេភូថង បញ្ជាក់ថាលោកមិនទាន់ទទួលការប្រកួតនោះទេ ព្រោះ ម៉ឺន មេឃា ក៏ជាប់ហាត់ក្នុងក្រុមជម្រើសជាតិវ៉ូវីណាម ដែលត្រូវបំពេញភារកិច្ចជួយជាតិមួយផ្នែកទៀត ដើម្បីត្រៀមខ្លួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាផងដែរ។
បើតាមពាក្យចចាមអារ៉ាមលេចឮតៗគ្នាមកថា កូនប្រុសរបស់លោក អេ ភូថង គឺ អេអាំម៉ារិន ភូថង ក៏ត្រូវបានខាងថៃគ្រោងនឹងរៀបចំឲ្យប៉ះកីឡាករថៃលំដាប់ពីររូបទៀតដែរ មុនឈានដល់ប្រកួតដណ្ដើមខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ ១៣៥ ផោន។ ព័ត៌មាននេះមានន័យថា លុះត្រាតែកីឡាករកម្ពុជាជំនាញប្រើជង្គង់ត្រូវឆ្លងឲ្យផុតដំណាក់កាលទី១ និងទី២ ទើបរូបគេអាចឆ្លងចូលដំណាក់កាលទី៣ ដែលជាដំណាក់កាលដណ្ដើមខ្សែក្រវាត់។ ប៉ុន្តែសម្រាប់ អេអាំម៉ារិន គេនៅមិនទាន់ដឹងច្បាស់ថា នឹងប៉ះថៃរូបណា ព្រមទាំងប្រកួតពេលណាឡើយ ព្រោះនេះគ្រាន់ជាព័ត៌មានបឋមប៉ុណ្ណោះ៕
សូមបញ្ចេញមតិនៅទីនេះ