សៅរ៍ , 01 តុលា 2022
ចង់ដឹងទេ កីឡាករ គុនខ្មែរ លំដាប់ A រូបណា មានតម្លៃខ្លួនខ្ពស់ដាច់គេ ក្នុងឆ្នាំ២០២២ ?
ក្នុងឆ្នាំ២០២២នេះ កីឡាករគុនខ្មែរ ដែលឈានដល់លំដាប់ A ក៏ត្រូវបានគេចាត់បញ្ចូលជាបន្ទាប់ ប៉ុន្តែអ្វីដែលគេចង់ដឹងនោះ តើលំដាប់ A របស់ខ្មែរ ស៊េរីចាស់ និងលំដាប់ A ស៊េរីថ្មី តើនរណាមានតម្លៃខ្លួនខ្ពស់ជាង ក្នុងការឡើងសង្វៀនម្តងៗ ហើយតម្លៃខ្លួនពួកគេស្ថិតក្នុងកម្រិតណា ?
១- ធឿន ធារ៉ា ៖ សិស្សគុនខ្មែររបស់លោក អេភូថង ខាងលើបានឡើងសង្វៀនក្នុងស្រុកមួយនៅកម្ពុជា ដោយត្រូវបានអ្នករៀបចំកម្មវិធី សុំមិនបញ្ចេញឈ្មោះម្នាក់បានទម្លាយមកថា តម្លៃខ្លួនកីឡាករលំដាប់ជួរមុខម្នាក់នេះបានហក់ឡើងដល់ចំនួន ៧០០ ដុល្លារក្នុងមួយប្រកួតទៅហើយ ។ ប៉ុន្តែតម្លៃខ្លួននេះក៏អាចប្រែប្រួលតិចតួចទៅតាមស្ថានីយទូរស្សន៍សុំការយោគយល់បញ្ចុះតម្លៃខ្លះ ព្រោះអាចមកពីកង្វះថវិកា ឬកង្វះអ្នកចូលរួមជួយឧបត្ថម្ភជាដើម។
២- រឿង សោភ័ណ្ឌ ៖ តម្លៃខ្លួនកីឡាករជំនាញប្រើកណ្ដាប់ដៃរូបនេះ ក៏មានការប្រែប្រួលខ្លះដែរ ពោលកាលពីមុនត្រូវបានគេទម្លាយមកថា ក្នុងមួយប្រកួត រឿង សោភ័ណ្ឌ ទទួលបានពី ៥០០ ទៅ ៦០០ ដុល្លារអាម៉េរិក។ ប៉ុន្តែមួយរយៈចុងក្រោយ កីឡាករជំនាញប្រើដៃឆ្វេងបានហក់ឡើងដល់៧០០ ដុល្លារក្នុងមួយប្រកួត ហើយពេលខ្លះក៏អាចឈានដល់១ពាន់ដុល្លារផងដែរ ដែលតម្លៃ១០០០ដុល្លារនេះជាការទាមទារពីរូបគេផ្ទាល់ ប៉ុន្តែតម្លៃចុងក្រោយអាស្រ័យលើការចរចា។
៣- ផល សោភ័ណ្ឌ ៖ អតីតកីឡាករជម្រើសជាតិប្រដាល់សកលដំរីភ្លុកពិឃាតរបស់ក្លិបតាលីដំរីមានរិទ្ធរូបនេះ ក៏មានតម្លៃខ្លួនមិនអន់នោះដែរនាពេលបច្ចុប្បន្ន ពោលគឺស្ថិតនៅចន្លោះ ៥០០ ទៅ ៦០០ ដុល្លារផងដែរក្នុងមួយប្រកួត។
៤-ឡៅ ចន្ទ្រា ៖ ប្អូនប្រុសបង្កើតរបស់ ឡៅ ស៊ីណាត រូបនេះត្រូវបានគេដឹងថា តម្លៃខ្លួននាពេលបច្ចុប្បន្នបានហក់ឡើងខ្លាំង ដោយរូបគេបានទាមទារតម្លៃខ្លួនចំនួន១ពាន់ដុល្លារអាម៉េរិកពីស្ថានីយ។ ខណៈចន្លោះ២ឬ៣ឆ្នាំមុនកីឡាករដដែលទទួលបានត្រឹម៤០០ ទៅ៥០០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែតម្លៃ១ពាន់ដុល្លារនេះកម្រមានស្ថានីយហ៊ានចាយលុយយករូបគេមកវាយណាស់ ហើយបើហ៊ានត្រឹម៧០០ដុល្លារតែប៉ុណ្ណោះ។
៥-ឡៅ ចិត្រា ៖ យុវជនល្អក្បាច់របស់ក្លិបឆ័ត្រយោង ៩១១ រូបនេះក៏មិនខុសឆ្ងាយពីបងប្រុស ឡៅ ចន្ទ្រា ប៉ុន្មានដែរ ពោលគឺល្បាក់ខ្ទង់ ៥០០ ទៅ ៦០០ ដុល្លារអាម៉េរិកនាពេលបច្ចុប្បន្ន។
៦-អេលីត សាន់ ៖ សិស្សរបស់ក្លិបនាយកដ្ឋានអង្គរក្សរូបនេះត្រូវបានលោក ស៊ន អេលីត ជាគ្រូបង្វឹកធ្លាប់បានលើកឡើងតម្លៃខ្លួនក្នុងវីដេអូឡាយរបស់លោកថា អេលីត សាន់ទទួលបាន ៣៥០ ទៅ ៤០០ ដុល្លារអាមេរិក។
៧- ឃីម បូរ៉ា ៖ ម្ចាស់មេដាមាសថ្នាក់ជាតិប្រភេទទម្ងន់ ៦០ គីឡូក្រាម ឃីម បូរ៉ា ត្រូវបានគេដឹងថា តម្លៃខ្លួនរបស់គេក្នុងមួយប្រកួតលើសង្វៀនក្នុងស្រុក គឺទទួលបានចាប់ពី ៥០០ ទៅ ៥៥០ ដុល្លារ ក្នុងមួយប្រកួត។
៨- ឈិន សេរីវណ្ណថង៖ ម្ចាស់ខ្សែក្រវ៉ាត់មាសរបស់ស្ថានីយ PNN ក៏ត្រូវបានគេចាត់ចូលជាប្រភេទកីឡាករគុនខ្មែរ លំដាប់A ម្នាក់ដែរ ហើយតម្លៃខ្លួនរបស់គេ ក្នុងការប្រកួតក្នុងស្រុក ត្រូវបានប្រភពអ្នករៀបចំកម្មវិធីប្រដាល់បង្ហើបប្រាប់ថា វណ្ណថង មានតម្លៃខ្លួនចាប់ពី ៤០០ ទៅ ៤៥០ ដុល្លារ។
៩- ម៉ឺន មេឃា ៖ កូនប្រុសច្បងលោកគ្រូ អេភូផង រូបនេះក៏ត្រូវបានគេដាក់ពិន្ទុថា ជាលំដាប់កីឡាករជួរមុខ ដែលទទួលបានតម្លៃខ្លួនប្រហាក់ប្រហែល ឈិត សេរីវណ្ណថង គឺចាប់ ៤០០ ទៅ៤៥០ ដុល្លារក្នុងមួយកម្មវិធីប្រកួតផងដែរ។
គួររម្លឹកថា តម្លៃខ្លួនរបស់កីឡាករនាពេលបច្ចុប្បន្នក៏ត្រូវបានកំណត់ដោយសហព័ន្ធគុនខ្មែរដែរ ប្រសិនបើជារូបណាត្រូវបានចុចឈ្មោះឲ្យជាប់ជម្រើសជាតិ នឹងទទួលបាន៧០០ដុល្លារអាមេរិកតែម្ដងពីស្ថានីយ។ ប៉ុន្តែប្រសិនបើស្ថានីយទាក់ទងដោយខ្លួនឯងមិនឆ្លងកាត់សហព័ន្ធទេនោះ ត្រូវចរចាដោយខ្លួនឯង៕
សូមបញ្ចេញមតិនៅទីនេះ