អង្គារ , 04 តុលា 2022
បែកគូស្នេហ៍ភ្លាម អៀ ម៉េងលិ ងាកមកស្និទ្ធស្នាលជាមួយបុរសរូបសង្ហាម្នាក់ សង្ស័យជាម្ចាស់ចិត្តថ្មី
កម្សាន្ត៖ ប្រកាសបែកគូស្នេហ៍ជានិស្សិតបញ្ចប់ការសិក្សាមកពីប្រទេសឥណ្ឌាមិនបានប៉ុន្មានផង ពេលនេះតារាសម្តែងសាច់សខ្ចី អៀ ម៉េងលិ បានបង្ហាញរូបភាពផ្អែមល្ហែមជាមួយបុរសរូបសង្ហាម្នាក់ដែលធ្វើឱ្យបុរសៗមិនតិចទេខកចិត្ត។ ទង្វើដែលរបស់ស្រីស្អាតរូបបានបង្ហាញឡើងធ្វើឱ្យ មានការសង្ស័យថា បុរសម្នាក់នេះអាចជាអ្នកចូលមកស្អំបេះដូងស្រីស្អាត អៀ ម៉េងលិ ជាមិនខាន ។
គេនៅចាំបានថា កញ្ញា អៀ ម៉េងលិ បានប្រកាសបែកផ្លូវជាមួយគូស្នេហ៍ជាមួយបុរសរូបសង្ហាជាសាធារណៈ តាមបណ្តាញសង្គមដោយមិនអាល័យ ក្រោយពីពួកគេបានភ្ជាប់ស្នេហ៍ប្រមាណជា៥ឆ្នាំ ។ តែអ្វីដែលកត់សម្គាល់ក្រោយពីចែកផ្លូវជាមួយអតីតគូស្នេហ៍មិនបានប៉ុន្មានផង អៀ ម៉េងលិ បានងាកមកស្និទ្ធស្នាល ជាមួយបុរសម្នាក់ដែលមានមុខមាត់ស្រស់សង្ហាមិនចាញ់តារាសម្តែងប៉ុន្មានឡើយ។ ដ្បិតមិនទាន់ បង្ហើបអត្តសញ្ញាណរបស់បុរសម្នាក់នោះក៏ពិតមែន តែបើតាមរូបភាពទាំងនេះគេសន្និដ្ឋានថា ទំនាក់ទំនងរបស់ អៀ ម៉េងលិ និងបុរសរូបសង្ហាម្នាក់នោះពិតជាស៊ីជម្រៅមិនធម្មតាឡើយ ។ មានការលាន់មាត់ពីសំណាក់អ្នកគាំទ្រថា ហេតុតែស្រីស្អាតបែកភ្លាមរកអ្នកថ្មីស្អំបេះដូងបានភ្លែតតែម្តង ។ ខ្លះលើកឡើងថា ពិតជាស្រីស្រស់ប្រុសសង្ហាស័ក្តិសមគ្នាខ្លាំងណាស់។
អៀ ម៉េងលិ ជាតារាស្រីវ័យក្មេងម្នាក់ដែលមានរូបសម្រស់ស្អាតហើយការតែងខ្លួនទៀតសោតក៏សិចស៊ីនឹងទាក់ទាញដោយមិនខ្វាយខ្វល់ពីការរិះគន់ពីសំណាក់មហាជនប៉ុន្មានឡើយ ។ ដ្បិតផ្អាកទទួលសម្តែងរឿងក៏ពិតមែន តែសព្វថ្ងៃ អៀ ម៉េងលិ កំពុងត្រូវប៉ាន់នៅក្នុងការថតស្ប៉តផ្សាយពាណិជ្ជកម្មនានា និងអ្នកតំណាងដោយទទួលបានតម្លៃខ្លួនខ្ពស់ផងដែរ។
គួរបញ្ជាក់ថាមានរូបសម្រស់ផូរផង់កំពិតមែន តែ អៀ ម៉េងលិ ហាក់មិនសូវមានសំណាងនៅក្នុងរឿងស្នេហាប៉ុន្មានឡើយ ។ ជាក់ស្តែងមុនបែកជាមួយអតីតគូស្នេហ៍ជានិស្សិតដែលទើបបញ្ចប់ការសិក្សាមកពីក្រៅប្រទេសនេះ អៀ ម៉េងលិ ក៏ធ្លាប់ជាអតីតគូស្នេហ៍របស់ នាយចឺម ផងដែរ ៕
សូមបញ្ចេញមតិនៅទីនេះ