អង្គារ , 04 តុលា 2022
ខ្សែប្រយុទ្ធ កែវ ឧត្តម ស៊ុតបញ្ចូលទី, ទទួលកាតលឿង និងឈ្នះ MOTM ជាលើកដំបូងក្នុង១ប្រកួត
កីឡាករ កែវ ឧត្តម ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ចាយពេលត្រឹមតែ៧៨នាទីប៉ុណ្ណោះ ដើម្បីស៊ុតបញ្ចូលទីគ្រាប់ដំបូង នៅលីគកំពូលកម្ពុជារដូវកាល ២០២២ ព្រមទាំងទទួលបានកាតលឿង ជាលើកដំបូងក្នុងជំនួបម្ចាស់ផ្ទះ ណាហ្គាវើលដ៍ យកឈ្នះ គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ២-០ នៅលីគកំពូលកម្ពុជា សប្តាហ៍ទី១៨ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។
ក្រោយចប់ការប្រកួតខ្សែប្រយុទ្ធ កែវ ឧត្តម ជាប់ជាកីឡាករល្អប្រចាំការប្រកួត Man of the Match ជាលើកដំបូងនៅលីគកំពូលកម្ពុជា ក្រោមក្រសែលភ្នែកអ្នកគាំទ្រ ២០០០នាក់គត់។
គួរដឹងថា កែវ ឧត្តម គឺជាអតីតកីឡាកររបស់ក្លិបបាល់ទាត់ ស៊ីម៉ាក់ និង វេស្ទើនភ្នំពេញ មុនផ្លាស់មកកាន់ណាហ្គាវើលដ៍ នៅឆ្នាំ ២០១៩ ខណ:រូបគេក៏ធ្លាប់ជាប់ឈុត U19 ក្រុមជម្រើសជាតិកម្ពុជាផងដែរ។
កែវ ឧត្តម ក៏ត្រូវជាកូនប្រុសរបស់លោក កែវ សារិន ដែលធ្លាប់ធ្វើជាគ្រូជំនួយ និងគ្រូបង្គោលក្លិបបាល់ទាត់ស៊ីម៉ាក់យូណាយធីត ចន្លោះឆ្នាំ ២០០៧-១៨ ដែលទទួលមរណភាពនៅឆ្នាំ២០២០ ដោយរោគាពាធ៕
សូមបញ្ចេញមតិនៅទីនេះ