សុក្រ , 07 តុលា 2022
ដឹងតែកក្រើកទៀតហើយ! ជំនួបរវាង ពេជ្រ សម្បត្តិ និង ធន់ ផានិត នឹងកើតឡើងម្ដងទៀត
កាលពីពេលថ្មីៗនេះ មហាជនអ្នកស្នេហាគុនខ្មែរបានឃើញហើយថា ក្របីព្រៃ ពេជ្រ សម្បត្តិ បានព្រលះមួយកែងពេញលើផ្ទៃមុខរបស់សិស្សលោក ធន់ សុភា គឺកីឡាករ ធន់ ផានិត ឲ្យសន្លប់ឈឹងត្រឹមទឹកទី១។ ការកាច់ក្រោមផ្លែកែងរបស់ ពេជ្រ សម្បត្តិ លើកនេះ ធ្វើឲ្យគ្រូ និងសិស្សរបស់ក្លិបសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ហាក់មិនអស់ចិត្តឡើយ ទើបពេលនេះពួកគេចង់ស្នើឲ្យអ្នកទាំងពីរប៉ះគ្នាម្ដងទៀត។
លោក ធន់ សុភា បានប្រាប់មកកាន់ Lee News ថា៖ «បាទបងខ្ញុំយល់ព្រមឲ្យអ្នកទាំងពីរប៉ះគ្នាម្ដងទៀតបង លើកមុនវាលឿនពេក។ វាអត់ទាន់បានវ៉ៃអីផង មិនទាន់បញ្ចេញពីសមត្ថភាពអីបន្តិចផងវាត្រូវមួយកែងម៉ាំងសន្លប់បាត់។ និយាយទៅអត់ទាន់អស់ចិត្តបង ដល់ចឹងយើងនឹងស្នើសុំការផ្គូផ្គងឲ្យពួកគេបានជួបគ្នាម្ដងទៀត»។
លោកបន្ថែមថា «លើកមុនហ្នឹងភាគរយច្រើនវាភ្លាត់ទេ។ អ្វីដែលយើងបង្ហាត់គាត់ គាត់ធ្វើអត់បានតាមយើង ដោយសារគាត់ចង់ឈ្នះពេក ដល់ចឹងគាត់ទៅប្ដូរកែងមួយគេហ្នឹងទើបធ្វើឲ្យចាញ់លឿនចឹង។ ប្រសិនបើគាត់មិនប្ដូរកែងទល់សម្បត្តិ ផានិត គាត់មានភាគរយឈ្នះច្រើន។ ដោយសារតែវាលឿនពេកហ្នឹងហើយ ទើបខ្ញុំជាគ្រូក៏មិនទាន់អស់ចិត្ត ហើយគាត់ ផានិត ក៏មិនទាន់អស់ចិត្តដូចគ្នា»។
គួររម្លឹកថា កាលពីពេលថ្មីនេះមានប្រភពព័ត៌មានច្បាស់ការមួយបានទម្លាយថា អ្នកចាប់គូប្រកួតនៅស្ថានីយទូរទស្សន៍មួយ កំពុងផ្គូផ្គងឲ្យ ពេជ្រ សម្បត្តិ និង ធន់ ផានិត បានជួបគ្នាម្ដងទៀតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះប្រសិនបើគ្រូបង្វឹកកីឡាករទាំងសងខាងគឺលោក ពេជ្រ សុផាន់ និងលោក ធន់ សុភា យល់ព្រម។ ដោយក្នុងនោះអ្នករៀបចំខាងងលើ ហ៊ានឲ្យតម្លៃខ្លួនរហូតដល់១ពាន់ដុល្លារក្នុងម្នាក់ៗ អមដោយពានមួយ និងប្រាក់រង្វាន់បន្ថែមទៀត។ យ៉ាងណាជុំវិញព័ត៌មាននេះលោក ពេជ្រ សុផាន់ ដែលជាគ្រូរបស់ ពេជ្រ សម្បត្តិ មិនទាន់មានការឆ្លើយតបមកកាន់ Lee News ឡើយ ប៉ុន្តែក្រុមការងារយើងនឹងចេញផ្សាយបន្តក្រោយពេលគ្រូបង្វឹករូបនេះប្រាប់ចម្លើយច្បាស់៕
សូមបញ្ចេញមតិនៅទីនេះ