ច័ន្ទ , 10 តុលា 2022
លោក ករុណា ពេជ្រ ហៅភ្ញៀវជិត៨០តុ និងចំណាយលុយខ្ទង់៥ម៉ឺនដុល្លារ ក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់ឪពុក
កម្សាន្ត៖ តារាចម្រៀងប្រចាំផលិតកម្ម ថោន និងជាថៅកែក្លិប QK លោក ករុណា ពេជ្រ នឹងរៀបចំពិធីបុណ្យគម្រប់ខួប១ឆ្នាំរបស់ឪពុកដែលបានមរណកាលទៅ ដោយបាន អញ្ជើញភ្ញៀវជិតឆ្ងាយ សិល្បករ សិល្បការិនី ថ្មីចាស់ មានចំនួនជិត៨០តុ ដែលខ្ទង់ចំណាយអាចចូល៥ម៉ឺនដុល្លារ ព្រមទាំងជ្រើសរើសផ្កាស្រស់ទាំងអស់នៅក្នុងកម្មវិធីទាំងមូល។
ដ្បិតថាលោក ករុណាពេជ្រ ពុំបានបង្ហាញវត្តមានលើឆាកតន្រ្តីដូចជាតារាចម្រៀងឯទៀតក្តី តែរូបលោកនៅតែចូលរួមកម្មវិធីនានារបស់អ្នក សិល្បៈមិនដែលសូវបានបាត់មុខ ហើយប្រជាប្រិយភាពរបស់លោកនៅតែ ទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រដដែល។ ការបាត់មុខពីឆាកតន្រ្តីនានា រយៈពេលយូរមកនេះដូចមហាជនមួយចំនួនបានជ្រាបហើយថា ព្រោះតែលោក ករុណា ពេជ្រ ត្រូវមើលថែឪពុក និងការកាន់ទុក្ខឪពុកមរណកាលទៅ ។
យ៉ាងណាមិញ ធ្មេចបើកៗលោក ករុណា ពេជ្រ ក៏ត្រៀមហៅមិត្តទាំងក្នុងនិងក្រៅសិល្បៈចូលរួមបុណ្យគម្រប់ខួប១ឆ្នាំឪពុករបស់លោករហូតជិត ៨០តុ សឹងតែដូចពិធីការមួយទៅហើយ ។
ឆ្លើយតបតាមប្រព័ន្ធទូរស័ព្ទមកកាន់ Lee News លោក ករុណា ពេជ្រ បានឱ្យដឹងថា មូលហេតុដែលលោកធ្វើពីធីបុណ្យគម្រប់ខួបឪពុករបស់លោកធំយ៉ាងនេះ ដោយសារតែជាការធ្វើបុណ្យធំចុងក្រោយបន្ទាប់ពីកាលពីបុណ្យសព៧ថ្ងៃ៧យប់ ព្រោះលើកក្រោយទៀតលោករៀបចំលក្ខណៈគ្រួសារប៉ុណ្ណោះ។ លោក ករុណា ពេជ្រ បានបន្ថែមថា ចំពោះការរៀបចំក្នុងពិធីបុណ្យនេះលោកជ្រើសរើសផ្កា ស្រស់ទាំងអស់ ហើយខ្ទង់ចំណាយអាចឈាន៥ម៉ឺនដុល្លារ ប៉ុន្តែនៅមិនទាន់ច្បាស់នៅឡើយទេ។
ក្នុងការបង្ហើបតួលេខចំណាយនេះ លោក ករុណាពេជ្រ ក៏បានបញ្ជាក់ថា លោកពុំមែនចង់អួតអាង ឬចង់ធ្វើពិធីលក្ខណៈអភិជនអ្វីឡើយ គឺលោកមានបំណងចង់ធ្វើបុណ្យឱ្យល្អ ជូនវិញ្ញាណក័ន្ខឪពុកខ្លួនទៅតាមលទ្ធភាពដែលខ្លួនមានតែប៉ុណ្ណោះ។
លោក ករុណាពេជ្រ បានលើកឡើងទៀតថា កន្លងមកមានបុគ្គល មួយចំនួន អគតិលើរូបលោក ថាលោកអួតអាងធ្វើបុណ្យដូចអភិជន តែលោកក៏ចង់ឱ្យ អ្នកមួយចំនួនដែលរិះគន់លោកគិតម្តងទៀតបើអួតអាងលើឡាន វីឡា សម្ភារៈនិយម លោកមិនថាទេ តែនេះអួតរឿងធ្វើបុណ្យវាមិនត្រឹមត្រូវទាល់ តែសោះ ជាពិសេសទៅលើអ្នកមានគុណ។ បន្ថែមពីនេះ លោកបន្ថែមថា សូមអ្នករិះគន់លោកទាំងឡាយកុំគិតអ្វីដែលអត្មានិយមបែបនេះ កុំគិតថាធ្វើបុណ្យក៏អួតដែរអី។
គួរបញ្ជាក់ថា ពិធីបុណ្យគម្រប់ខួប១ឆ្នាំរបស់ឪពុកលោក ករុណា ពេជ្រ នឹងប្រព្រឹត្តទៅថ្ងៃទី១៣ ខែតុលា នៅគេហដ្ឋានរបស់លោកផ្ទាល់ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៨៩៣ ភូមិក្រាំងអង្រុង សង្កាត់ក្រាំងក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំពោះភ្ញៀវជិត៨០តុដែលលោកអញ្ជើញនេះគឺតាមរយៈ Messenger និង តេឡាក្រាមប៉ុណ្ណោះ ហើយលោកពិតជាអរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលយោគយល់មិនប្រកាន់ដល់លោក៕
សូមបញ្ចេញមតិនៅទីនេះ