អង្គារ , 21 មិថុនា 2022
ក្ដៅៗ! រថយន្ត Bugatti Veyron តម្លៃ 1.7 លានផោនរបស់ Ronaldo បានជួបគ្រោះថ្នាក់ចរាចរនៅ Majorca
រថយន្តទំនើបមួយគ្រឿងដែលជាកម្មសិទ្ធិរបស់កីឡាករ Cristiano Ronaldo គឺ Bugatti Veyron ដែលមានតម្លៃ 1.7 លានផោន ជួបគ្រោះថ្នាក់ចរាចរក្នុងទីក្រុង Majorca ។ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ។
វាត្រូវបានគេរាយការណ៍ថា រថយន្តដែលពាក់ព័ន្ធក្នុងឧបត្តវហេតុនេះ គឺជារថយន្តមួយក្នុងចំណោមពីរ ដែលអតីតខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រូបនេះ ស្រលាញ់បំផុត និងតែងតែជិះកំសាន្តនៅ Majorca ។
សារព័ត៌មាន El Periodico Mediterraneo រាយការណ៍ថា រថយន្តម៉ាក Bugatti Veyron ត្រូវបានបុគ្គលិករបស់កំពូលតារាព័រទុយហ្គាល់ បើកទៅបុកជាមួយជញ្ជាំងផ្លូវមួយកន្លែង ហើយគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក (ម៉ោងក្នុងស្រុក) ។
ប៉ូលិសកំពុងស៊ើបអង្កេតលើហេតុការណ៍នេះ ប៉ុន្តែមិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ។ តាមការសន្និដ្ឋាន អ្នកបើកបររថយន្តមិនមានរបួសអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែគេសន្និដ្ឋានថា ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្នុងនាមជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ Ronaldo ត្រូវបានគេទទួលស្គាល់ថាជាមនុស្ស ស្រលាញ់រថយន្តទំនើបបំផុត និងមានទាំងនាវាកំសាន្តដែលមានតម្លៃប្រហែល 17 លានផោនទៀតផង។ ជាមួយគ្នានេះ មិត្តស្រីរបស់ Ronaldo គឺនាង Georgina Rodriguez ត្រូវបានគេប្រទះឃើញពីរថយន្តរបស់នាងរួមមាន Ferrari 599 GTO, McLaren Senna និង Rolls-Royces មួយគូផងដែរ។
គួរបញ្ជាក់ថា Cristiano បានជិះយន្តហោះផ្ទាល់ខ្លួនទៅកាន់ Balearic ជាមួយកូនប្រាំនាក់របស់ខ្លួន និងមិត្តស្រី Georgina Rodriguez ។ ពួកគេកំពុង សម្រាក និងលំហែ ក្នុងវិសមកាលរបស់ពួកគេ មុនពេលត្រូវហោះហើរត្រលប់ទៅកាន់ Old Trafford វិញ៕
សូមបញ្ចេញមតិនៅទីនេះ