ពុធ , 19 តុលា 2022
វ៉ាន់ វឿន និយាយថា ការប៉ះ រិន ដាវិត លើកទី៣ មិនស្រួលហូបដូចលើកមុនៗឡើយ
ជើងខ្លាំងក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម វ៉ាន់ វឿន គិតថា ការប៉ះគ្នាជាមួយ រិន ដាវិត នាលើកទី៣ខាងមុខនេះ នឹងមិនងាយស្រួលយកឈ្នះដូចពីរលើកកន្លងមកឡើយ ព្រោះដៃគូរូបនេះកំពុងតែមានកម្រិតសមត្ថភាពរីកចម្រើនឡើងល្អលើសពីមុនច្រើន។
ការប៉ះគ្នាចំនួនពីរលើកកន្លងមកគឺ វ៉ាន់ វឿន បានផ្ដួល រិន ដាវិត ឲ្យសន្លប់ទាំងពីរលើក ខណៈការប៉ះគ្នាលើកទី៣នេះ នឹងធ្វើឡើងនៅសង្វៀនព្រែកកំពឹស ប៉ុស្តិ៍លេខ៥ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ សម្រាប់ការប្រកួតដណ្ដើមផ្ទះវីឡា។ ក្នុងជំនួបនេះកីឡាករមកពីក្លិប ឃ្លាំងមឿងកីឡា មើលឃើញថា រិន ដាវីត ពេលនេះមានការវិវឌ្ឍន៍ខ្លួនបានល្អច្រើន ពោលគឺចេញច្បាស់ ធ្ងន់ និងមានភាពរហ័សរហួន មួយវិញទៀតហាក់មានចិត្តមោះមុតក្នុងការប្រកួតច្រើនជាងមុន។
កីឡាករដដែលបន្ថែមថា ដោយសារតែមើលឃើញថា រិន ដាវីត បានហក់ឡើងគួរឲ្យចាប់អារម្មណ៍ក្នុងមួយរយៈចុងក្រោយនេះ ទើប វ៉ាន់ វឿន មិនហ៊ានរំពឹងខ្ពស់ឡើយ ពោលគឺត្រឹម៥០%ប៉ុណ្ណោះ។ យ៉ាងណាជើងខ្លាំងល្អក្បាច់ បានចាត់ទុកការប្រកួតចុងក្រោយក្នុងពូល A នេះ ជាជំនួបមួយដ៏សំខាន់ ព្រោះតែវាជាប្រកួតកាត់សេចក្ដី សម្រាប់អ្នកដែលបានឡើងទៅកាន់វគ្គ៤នាក់ចុងក្រោយ នៃព្រឹត្តិការណ៍ខាងលើ។
គួររម្លឹកថា វ៉ាន់ វឿន និង រិន ដាវីត បច្ចុប្បន្នមាន៤ ពិន្ទុស្មើគ្នា ដូច្នេះអ្នកដែលឈ្នះក្នុងការប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុនេះ នឹងបានឡើងទៅកាន់ជុំបន្ទាប់ នឹងត្រូវប៉ះអ្នកលេខ១ក្នុងពូលB ដែលបច្ចុប្បន្នគឺ ឃុន បូរ៉ា កំពុងស្ថិតនៅកំពូលតារាង៕
សូមបញ្ចេញមតិនៅទីនេះ