ព្រហស្បតិ៍ , 20 តុលា 2022
ស្ងាត់ៗធ្លាយដំណឹង ឡុង ថាវរី ត្រៀមចូលរោងការនៅចុងខែ តុលា ជាមួយប្តីជាអ្នកមានទ្រព្យស្តុក
កម្សាន្ត៖ក្រោយស្ងប់ស្ងាត់អាជីពសិល្បៈមួយរយៈមកហើយ ស្រាប់តែថ្មីៗនេះមានប្រភពជិតដិតនឹងតារាសម្តែងរូបស្រស់ ឡុង ថាវរី បានបង្ហើបថា តារាស្រីរូបនេះ កំពុងសំងំបន្ទំសាច់ ដើម្បីធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតនៅ ចុងខែនេះតែម្តង។ ជាមួយគ្នានោះអនាគតប្តីរបស់នាងក៏ជាអ្នកមានទ្រព្យស្តុកផងដែរ។
ឡុង ថាវរី ត្រូវបានគេចាត់ទុកជាតារាស្រីម្នាក់ ដែលមានសម្រស់ផូរផង់ជាមួយ នឹងការលេងស្ទីលបែបសិចស៊ីគួរឱ្យទាក់ទាញ តែគួរឱ្យស្តាយការងារសិល្បៈកំពុងតែមានហាងឆេងល្អស្រាប់តែនាងបានចាកចេញពីអាជីពនេះ ដោយងាកទៅរកស៊ីជាមួយអ្នកម្តាយ។ ស្រាប់តែមួយរយៈចុងក្រោយនេះ ឡុង ថាវរី បានវិលចូលសិល្បៈជាថ្មីម្តងទៀត ដោយបានចូលរួមថត MV នឹងបានថតស្ប៉តពាណិជ្ជកម្មជាបន្តបន្ទាប់ ។
បើទោះមិនសូវសង្វាតនៅក្នុងការប្រឡូកការងារសិល្បៈដូចមុនក៏ពិតមែន តែ ជីវភាពរបស់ ឡុង ថាវរី ហាក់មានភាពឡូយឆាយមិនធម្មតាឡើយ ។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ នាងរស់ នៅក្នុងផ្ទះវីឡាយ៉ាងស្រស់ស្អាត នឹងជិះសុទ្ធតែរថយន្តទំនើបថែមទៀតផង ហើយអ្វីដែលគួរឱ្យកត់សម្គាល់បើតាមប្រភពដែលស្និទ្ធជាមួយតារាសម្តែងរូបនេះបានឱ្យដឹងថា ឡុង ថាវរី កំពុងត្រៀមខ្លួនធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតនៅក្នុងថ្ងៃទី ៣១ខាងមុខនេះហើយ ។
ប្រភពដដែលនេះបានបន្ថែមទៀតថា ពិធីមង្គលការរបស់ ឡុង ថាវរី នឹងរៀបចំឡើងនៅអាគារឌីព្រីមៀសែនសុខ ។ ការលើកឡើងបែបនេះ ស្របចុងក្រោយគេបានឃើញ ឡុង ថាវរី តែងបណ្តើរគ្នាជាមួយបុរសរូបសង្ហាម្នាក់ចូលរួមនៅក្នុងកម្មវិធីមួយចំនួន ដែលមានការសង្ស័យថា បុរសរូបនោះជាអនាគតស្វាមីរបស់នាង។
ប្រភពនោះបានបន្ថែមថា អនាគតស្វាមីរបស់ ឡុង ថាវរី មិនត្រឹមតែមានរូបរាងស្រស់សង្ហាប៉ុណ្ណោះទេ គឺរូបគេថែមទាំងជាអ្នកមានទ្រព្យ ធនទៀតផង ។ ស្របគ្នាធ្លាយចេញដំណឹងនេះ ទោះជាមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពី ឡុង ថាវរី ក្តីក៏មានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិក្នុង និងក្រៅសិល្បៈចំពោះការរកឃើញដៃគូច្បាស់លាស់របស់តារាសម្តែង ឡុង ថាវរី ។គួរបញ្ជាក់ថា ឡុង ថាវរី ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងរូបសង្ហា លោក អេដវីន តែក្រោយមកពួកគេបានចែកផ្លូវគ្នាដើររៀងខ្លួនទៅវិញ៕
សូមបញ្ចេញមតិនៅទីនេះ