សុក្រ , 21 តុលា 2022
តារាឆ្នើម ជប៉ុន Nakamura ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក្នុងវ័យ ៤៤ឆ្នាំ
(បាល់ទាត់)៖ កីឡាករ Shunsuke Nakamura អតីតក្រុមជម្រើសជាតិបាល់ទាត់ជប៉ុនដែលធ្លាប់ជួយឱ្យក្រុម Samurai Blue ឈ្នះជើងឯកទ្វីបអាស៊ី ២ជំនាន់ជាប់ៗគ្នា ព្រមទាំងបង្ហាញខ្លួនក្នុងពានរង្វាន់ FIFA World Cup ចំនួន២សម័យកាល និងចេញទៅប្រកបអាជីពនៅទ្វីបអឺរ៉ុប រយៈពេល៨ឆ្នាំ បានសម្រេចចិត្តចូលនិវត្តន៏ក្នុងវ័យ ៤៤ឆ្នាំ ក្រោយញាំញី ដោយសាររបួស។
កីឡាករ Shunsuke Nakamura ត្រូវបានគេបានចាត់ទុកថាជាខ្សែបម្រើប្រយុទ្ធវ័យក្មេងដ៏ល្អម្នាក់នៅក្នុងក្រុមជម្រើសជាតិជប៉ុន កាលពី២០ឆ្នាំមុន ជាពិសេសនោះរូបគេក៏ផ្នែកមួយជួយឱ្យជប៉ុន ឈ្នះជើងឯកប្រចាំទ្វីបអាស៊ី AFC Asean Cup នៅឆ្នាំ២០០០ និង ឆ្នាំ២០០៤។ ប៉ុន្តែពេលនេះរបួសជង្គង់ស្តាំ ធ្វើឱ្យគេសម្រេចព្យួរស្បែកជើង ក្នុងពិភពបាល់ទាត់ទៅហើយ។
សារព័ត៌មានក្នុងស្រុកជប៉ុន បានស្រង់សម្តីរបស់ Nakamura ជុំវិញការប្រកាសចូលនិវត្តន៍ពីកីឡាករអាជីពនេះថា៖«នៅក្នុងអាជីពបាល់ទាត់ដ៏យូរអង្វែងរបស់ខ្ញុំ ខ្ញុំមានការតស៊ូ និងជួបឧបសគ្គជាច្រើន ប៉ុន្តែមានអ្នកគាំទ្រ តែងតែលើកទឹកចិត្ត និងជំរុញខ្ញុំឱ្យឆ្ពោះទៅមុខជានិច្ច។ ខ្ញុំអាចតស៊ូក្នុងនាមជាកីឡាករបាល់ទាត់បាន ព្រោះខ្ញុំមានការគាំទ្រច្រើន»។
បុរស ដែលឈ្នះពានឯកជនជាកីឡាករឆ្នើមជាងគេ ក្នុងពានជើងឯកទ្វីបអាស៊ីឆ្នាំ២០០៤ រូបនេះ កើតនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ១៩៧៨ ក្នុងទីក្រុង Yokohama ប្រទេសជប៉ុន ហើយគេជាខ្សែប្រយុទ្ធបាល់ទាត់សម័យទំនើបម្នាក់ ដែលចេញទៅប្រកបអាជីពក្នុងក្លិបនានា ក្នុងទ្វីបអឺរ៉ុបផងដែរ។
ចំណែកក្នុងក្រុមជម្រើសជាតិជប៉ុន វិញកីឡាករកម្ពស់១,៧៨ម៉ែត្ររូបនេះបានជាប់ក្នុងបញ្ជីតាំងពី ឆ្នាំ២០០០ ដល់ឆ្នាំ២០១០ ពោលគឺបង្ហាញខ្លួនបាន ៩៨ ប្រកួត និងបានស៊ុតបញ្ចូលទីចំនួន២៨ គ្រាប់ ខណៈរជ្ជកាលរបស់ខ្លួនគេជាម្ចាស់អាវលេខ១០ ក្នុងក្រុមជម្រើសជាតិជប៉ុនផងដែរ។ ក្រៅជួយជប៉ុន ឈ្នះជើងឯកទ្វីបអាស៊ី២សម័យកាលជាប់ៗគ្នា រូបគេធ្លាប់ឈ្នះពាន AFC Asian Cup MVP 2004 និងពាន AFC Asian Cup Best Eleven ឆ្នាំ2000 ឆ្នាំ2004 និងឆ្នាំ 2007៕
សូមបញ្ចេញមតិនៅទីនេះ