អង្គារ , 21 មិថុនា 2022
Buffon ថា Di Maria នឹងល្អដូច Maradona ប្រសិនបើមកលេងនៅ Juventus
អ្នកចាំទី Gianluigi Buffon បានអះអាងថា អតីតមិត្តរួមក្រុម Angel Di Maria នឹងល្អដូច Diego Maradona ប្រសិនបើគេមកចូលរួមជាមួយ Juventus ក្នុងរដូវក្ដៅនេះ។
Di Maria នឹងចាកចេញពី Paris Saint-Germain ដោយគ្មានតម្លៃខ្លួនពេលដែលកុងត្រារបស់គេបានបញ្ចប់ បន្ទាប់ពីចំណាយពេល៧រដូវកាលជាមួយក្លឹបក្នុង Ligue 1 មួយនេះ។ ខ្សែបម្រើប្រយុទ្ធវ័យ៣៤ឆ្នាំស្ថិតក្នុងចំណោមកីឡាករល្បីៗដែលនឹងទំនេរក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅនេះ ខណៈ Juventus និង Barcelona ដាក់ការចាប់អារម្មណ៍លើរូបគេ។
Buffon ដែលធ្លាប់ចំណាយពេលមួយរដូវកាលជាមួយ Di Maria នៅ PSG ក្នុងរដូវកាល២០១៨-១៩ ជឿជាក់ថាអតីតមិត្តរួមក្រុមនឹងលេចធ្លោក្នុងលីគកំពូលរបស់អ៊ីតាលីដូច Maradona។ Maradona រកបាន៨១គ្រាប់ក្នុងការបង្ហាញខ្លួន១៨៨ប្រកួតឲ្យ Napoli ជួយក្រុមឈ្នះពានលីគកំពូល២ដង, Coppa Italia, Supercoppa Italiana និង UEFA Cup។
និយាយប្រាប់សារព័ត៌មាន Buffon លើកឡើងថា បើ Di Maria លេងនៅ Serie A គេនឹងដូច Maradona។ Serie A សព្វថ្ងៃលេងមិនសូវមានបច្ចេកទេសទេ ហើយ Angel មានបច្ចេកទេសខ្ពស់។ គេជាអ្នកសម្រេចចិត្តនៅមុខទី អាចអូសបាល់ដាច់គូប្រជែងងាយៗ ល្អក្នុងការបោះបាល់និងអាចរត់ឡើងចុះលើទីលាន។ គេអាចលេងបានច្រើនតំណែង ហើយនិយាយឲ្យចំជាកីឡាករល្អម្នាក់។
Buffon បន្ថែមថា Di Maria នឹងអាចជាការចុះកុងត្រាដ៏ធំសម្រាប់ Juventus។ កីឡាករសញ្ជាតិអាហ្សង់ទីនរកបាន៩២គ្រាប់ ក្នុងការបង្ហាញខ្លួន២៩៥ប្រកួតឲ្យ PSG នាំក្លឹបឈ្នះពានលីគកំពូល៥ដង និងឈ្នះពានក្នុងស្រុក៩ផ្សេងទៀត៕
សូមបញ្ចេញមតិនៅទីនេះ