ពុធ , 26 តុលា 2022
លោក ខៀវ សាម៉េត ឈរឈ្មោះជាបេក្ខភាពប្រធាន សហព័ន្ធបាល់ទាត់អាស៊ានអាណត្តិ ២០២២-២០២៦
លោកនាយឧត្តមសេនីយ៍ ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានបន្តដាក់ឈ្មោះឈរជាបេក្ខភាពប្រធានសហព័ន្ធបាល់ទាត់ប្រចាំតំបន់ដែលមាន ១២ប្រទេសមួយនេះសាជាថ្មី សម្រាប់អាណត្តិឆ្នាំ២០២២-២០២៦។
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) អនុលោមតាមលក្ខន្តិកៈ AFF មាត្រា៣១ បានបញ្ជាក់ពីបញ្ជីឈ្មោះចុងក្រោយនៃបេក្ខជនដែលមានសិទ្ធិឈរឈ្មោះសម្រាប់ការបោះឆ្នោត AFF សម្រាប់អាណត្តិឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ក្នុងមហាសន្និបាតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF Congress)។
ក្នុងនោះផងដែរ បុរសជនជាតិខ្មែរដំបូងគេដែលបានក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន កាលពីឆ្នាំ២០១៩ លោកខៀវ សាម៉េត បានបន្តដាក់បេក្ខភាពឈរឈ្មោះជាប្រធានជាថ្មី ហើយដែលត្រូវបានដឹងថា ឈរឈ្មោះតែម្នាក់ឯងថែមទៀតផង។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះបេក្ខជនចុងក្រោយសម្រាប់ការបោះឆ្នោត AFF សម្រាប់អាណត្តិឆ្នាំ ២០២២ ដល់ ២០២៦៖
ប្រធាន៖ នាយឧត្តមសេនីយ៍ ខៀវ សាម៉េត (កម្ពុជា)
អនុប្រធាន៖ Pengiran Matusin bin Pengiran Matasan (ប្រ៊ុយណេ)
- Maaike Ira Puspita (ឥណ្ឌូនេស៊ី)
- Francisco Martins da Costa Pereira Jerónimo (ទីម័រខាងកើត)។
ក្រៅពីតំណែងធំខាងលើ ក៏មានការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សា, សមាជិកក្រុមប្រឹក្សាស្ត្រី ហើយគួរឱ្យកត់សម្គាល់ផងដែរនោះ កញ្ញា ម៉ៅ សាវីន ដែលជាគ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងជាគ្រូបង្វឹកក្លិបនារីភ្នំពេញក្រោន ក៏មានឈ្មោះក្នុងសមាជិកក្រុមប្រឹក្សានារីផងដែរ ចំណោមស្ដ្រីចំនួន ១២នាក់។
គួររំលឹកថា នៅថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នាមហាសន្និបាតលើកទី២៦ សហព័ន្ធបាល់ទាត់ថ្នាក់តំបន់មួយនេះ ដែលរៀបចំនៅសណ្ឋាគារសុខា ខេត្តសៀមរាប។
AFF មានសហព័ន្ធជាតិចំនួន ១២ជាសមាជិក ដែលក្នុងនោះមាន ព្រុយណេ, កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម, ទីម័រខាងកើត និងអូស្ត្រាលី៕
សូមបញ្ចេញមតិនៅទីនេះ