ព្រហស្បតិ៍ , 27 តុលា 2022
វីវរហើយ! ក្រោយបែកធ្លាយ ធឿន ធារ៉ា មានមុខនៅ ថៃហ្វៃ ពេលនេះកំពុងប្រឈមការដកឈ្មោះចេញវិញ ដោយសារមូលហេតុ …
កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានផ្ទុះព័ត៌មានបែកធ្លាយឈ្មោះរបស់ ធឿន ធារ៉ា ក្នុងបញ្ជីកីឡាករនៅក្នុងកម្មវិធី ថៃហ្វៃ ប៉ុន្តែដោយសារតែបញ្ហាមួយចំនួន ពេលនេះអ្នកលេងពូថៅដៃកំពុងប្រឈម នឹងការដកឈ្មោះចេញពីកម្មវិធីលំដាប់របស់ថៃមួយនេះ។
ប្រិយមិត្តបានដឹងហើយថា កន្លងមកលោកស្រី សាំង សុម៉ាលី មិនបាននិយាយថា សិស្សរបស់លោកស្រីគឺ ធឿន ធារ៉ា នឹងមានឈ្មោះវ៉ៃនៅ ថៃហ្វៃ ឡើយ គ្រាន់តែលោកស្រីបង្ហើបតិចតួចថា នឹងអាចតែប៉ុណ្ណោះ ព្រោះអ្វីៗស្ថិតក្នុងការចរចា។ ប៉ុន្តែក្នុងថ្ងៃខែឆ្នាំខាងលើ ក៏បានបែកធ្លាយបញ្ជីឈ្មោះរបស់កម្មវិធី ថៃហ្វៃ ហើយមានឈ្មោះសិស្សរបស់ខ្លួនផងដែរ។
យ៉ាងណាដោយសារតែបញ្ហាបែកធ្លាយបញ្ជីឈ្មោះនេះហើយ ទើបលោកស្រី និងស្វាមីគឺលោក អេ ភូថង ត្រូវបានសហព័ន្ធគុនខ្មែរទាក់ទងទៅ ដោយក្នុងចេតនានៃការទាក់ទងទៅនោះ គឺចង់ហាមឃាត់មិនឲ្យលោកស្រីនាំសិស្សទៅវាយនៅ ថៃហ្វៃ ឡើយ ព្រោះថាលោកស្រីមិនទាន់ធ្វើលិខិតស្នើសុំទៅកាន់សហព័ន្ធគុនខ្មែរឡើយ។ ដើមហេតុនៃការមិនទាន់ស្នើសុំទៅកាន់ សហព័ន្ធនោះ ព្រោះលោកស្រីមិនទាន់ចរចាត្រូវគ្នា ជាមួយអ្នកផ្គូផ្គងរបស់ ថៃហ្វៃ ទើបមិនទាន់ស្នើសុំដូច្នេះ។
ហើយដោយសារតែបែកធ្លាយព័ត៌មាននេះហើយ ទើបបង្កការលំបាកដល់លោកស្រី និងស្វាមី ហើយពេលនេះលោកគ្រូ អេ ភូថង កំពុងតែទាក់ទងស្នើសុំទៅកាន់សហព័ន្ធគុនខ្មែរ ដើម្បីដោះស្រាយសម្រួលយ៉ាងណាឲ្យសិស្សរបស់ខ្លួនបានប្រកួត។ ខណៈដែលពេលនេះលោកស្រីកំពុងស្ថិតនៅលើទឹកដីថៃ ដែលទំនងជាការចរចាត្រូវគ្នាជាមួយអ្នករៀបចំកម្មវិធីរបស់ថៃហ្វៃហើយ៕
សូមបញ្ចេញមតិនៅទីនេះ