សុក្រ , 28 តុលា 2022
នេន ទុំ ផ្តល់គន្លឹះថ្មី ដល់បុរសលក់លៀសហាល ចំណែករឿងជ្រោមជ្រែង ខាងសិល្បៈលោកមិនអាចជួយបាន
កម្សាន្ត៖ ប៉ុន្មានថ្ងៃមកនេះ បុរសលក់លៀសហាលឈ្មោះ ចម្រើន កំពុងធ្វើឱ្យមហាជនគ្រប់ ស្រទាប់ចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីឃើញលោកមានគំនិតច្នៃប្រឌិតបានតុបតែងខ្លួនយ៉ាងប្លែកភ្នែកព្រមទាំងបង្ហើរសំនៀងយ៉ាងពីរោះមិនចាញ់តារាចម្រៀងអាជីព។ ជាមួយភាពល្បីរន្ធឺពីកំលោះលក់លៀសហាលខាងលើនេះ ក៏ធ្វើឱ្យតារា ចម្រៀងរ៉េប នេន ទុំ នៅមិនសុខចេញមុខផ្តល់គន្លឹះថ្មី ទៅបុរសលក់លៀសហាលដើម្បីបានម៉ូយច្រើន បានទាំងគុណភាពដល់អ្នកហូបលៀស។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោក នេន ទុំ ជាតារាចម្រៀងល្បីឈ្មោះមួយរូប បានបង្ហោះវីដេអូជិត៥នាទី ផ្ញើជូនទៅកាន់លោក ចម្រើន ជាអ្នកលក់លៀសហាល ដែលកំពុងឡើងកូដ ផ្ទុះការគាំទ្រពីមហាជន។ ក្នុងវីដេអូនោះ លោក នេន ទុំ ពោលសរសើរពីគំនិតច្នៃប្រឌិតរបស់អ្នកលក់ លៀសហាលខាងលើនេះ ថែមទាំងអាចបកស្រាយបទចម្រៀងរបស់តារាចម្រៀង ខេម បានយ៉ាងពីរោះ។
ទន្ទឹមនឹងការកោតសរសើរ នេន ទុំ ក៏បានផ្តល់ជាយុទ្ធសាស្រ្តខ្លះៗបន្ថែមទៅកាន់ អ្នកលក់លៀស ហាលខាងលើថា បើសិន ចម្រើន ដាក់រទេះរុញលក់លៀស មាន កញ្ចក់បិទការពារដីហ៊ុយ បានកាន់តែប្រសើរ ព្រោះឱ្យអតិថិជនកាន់តែទទួល បានអនាម័យ។ នេន ទុំ បានលើកឡើងទៀតថា បើសិនជា ចម្រើនចំណាយអស់ថវិកាប៉ុន្មានក្នុងការធ្វើរទេះ មានកញ្ចក់ ការពារដីហ៊ុយលោកសុខចិត្តជួយថ្លៃចំណាយពាក់កណ្តាលឬក៏ ទៅជួយលក់ក៏បាន។
ឆ្លើយតបជាមួយ Lee News តាមប្រព័ន្ធទូរសព្ទតារាចម្រៀង នេន ទុំ បានឱ្យដឹងថា លោកពេញចិត្តចំពោះទង្វើរបស់ ចម្រើន ជាអ្នកលក់លៀសហាលដែលខិតខំច្នៃ ប្រឌិតរកស៊ីកុំឱ្យ ខ្លួនឯងក្រ ព្រោះលោកក៏ធ្លាប់ជាអ្នកក្រខ្សត់ដូចគ្នាទើបឃើញ ចំណុចល្អរបស់ ចម្រើន ទើបលោកធ្វើវីដេអូបង្ហោះឡើង ដើម្បីជាគន្លឹះបន្ថែមទៀតដើម្បីកាន់តែមានទីផ្សារខ្ពស់ព្រោះលោកលក្រៅពីអាជីពសិល្បៈក៏ជាអ្នកលក់ប្រហុកមួយរូបដូចគ្នា។
បន្ថែមពីនោះ តារាចម្រៀងខាងលើក៏បានឱ្យដឹងទៀតថា អ្នកលក់លៀសហាល រូបនេះពិតជាមានទឹកដមសំនៀងពីរោះដូចជាតារាអាជីពអញ្ចឹង បើសិនទទួល បានការបណ្តុះបណ្តាលបន្ថែមកាន់តែល្អប្រសើរ។ ចំពោះការជួយជ្រោមជ្រែងដូចជាធ្វើបទចម្រៀងឱ្យអ្នកលក់លៀសហាលរូបនេះបកស្រាយ លោកនៅមិនទាន់អាចជួយបាននៅឡើយទេ។
និយាយដោយបង្ហាញភាពស្មោះត្រង់ចេញពីចិត្ត នេន ទុំ បានបន្តថា បច្ចុប្បន្នស្ថានភាពទីផ្សារចម្រៀងរបស់លោកនៅខ្សោយដូចគ្នា ដូច្នេះលោកមិនអាចជួយយោងអ្នកលក់លៀសហាលឈរអាជីពសិល្បៈបានឡើយ ប៉ុន្តែតារាចម្រៀងជើងខ្លាំងដូចជាលោក ខេម ជាដើមគិតថាគាត់អាចជួយបានច្រើនជាងលោក។
ភ្ជាប់ជាមួយការបង្ហាញអារម្មណ៍កោតសរសើរចំពោះអ្នកលក់លៀសហាល តារាចម្រៀង នេន ទុំ ត្រៀមបញ្ចេញអាល់ប៊ុមខ្លីនាពេលខាងមុខនេះផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ