អង្គារ , 01 វិច្ឆិកា 2022
ឯកឧត្តម ហ៊ុន ជា ចេញសារចង់ឱ្យ វណ្ណដា និង ជី ដេវីត ចាប់ដៃធ្វើបទចម្រៀងរួមគ្នា ឱ្យចម្រៀងខ្មែររីកចម្រើន
កម្សាន្ត៖ ប៉ុន្មានថ្ងៃមកនេះសង្គ្រាម Diss Track បានផ្ទុះកក្រើកលើបណ្តាញសង្គម រហូតមានទំពាំងស្អុយពីរបានបង្កអំពើហិង្សាដាក់គ្នា ព្រោះតែគាំទ្រអាយដលពួកគេមិនគិតពីកេរ្តិ៍ឈ្មោះខ្លួន និងគ្រួសារឡើយ។ ដោយឃើញរូបភាពជះឥទ្ធិពលមិនល្អដល់សង្គមជាតិនេះ ឯកឧត្តម ហ៊ុន ជា បានចេញមុខលើកឡើងថា វណ្ណដា និង ជី ដេវីត គួរប្រើបេះដូងក្នុងនាមជាខ្មែរដូចគ្នា ចាប់ដៃសាមគ្គីគ្នា ធ្វើបទរួមគ្នា ឬធ្វើអ្វីមួយរួមគ្នាឱ្យខ្មែររីកចម្រើន ល្អជាជាងជំរុញឱ្យបែកបាក់សាមគ្គី នាំប្រទេសជិតខាងសើចយំមកប្រទេសយើងពេលឃើញខ្មែរគ្នាឯងឈ្លោះគ្នា។
គេនៅចាំបានថា តារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណដា បានទម្លាក់ថ្មី មានចំណងជើងថា J+0 II កាលពីយប់ថ្ងៃទី២៩ ខែតុលា បានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងដោយប៉ារូចម្រៀងមុខព្រួញសម្តៅទៅលើតារាចម្រៀង ជី ដេវីត និងអ្នកនៅជិតស្និទ្ធបានក្បត់ខ្លួន។ ការបញ្ចេញបទថ្មីដោយគ្មានការព្រៀងទុក របស់តារាចម្រៀង វណ្ណដា ក្លាយជាប្រធានបទដ៏ក្តៅគគុក ហើយមិនត្រឹមតែអាយដលកំពុងមានសង្រ្គាម Diss Track ជាមួយគ្នាប៉ុណ្ណោះទេ សូម្បីតែអ្នកគាំទ្រ របស់តារាចម្រៀងទាំងសងខាងក៏បង្កជម្លោះពាក្យសម្តីទាំងក្នុងបណ្តាញសង្គម និងនៅតាមទីសាធារណៈ ថែមទៀត។
ឥទ្ធិពលអវិជ្ជមាន ដ៏ជ្រុលនិយមទៅលើការគាំទ្រអាយដលហួសហេតុនេះ បានជំរុញឱ្យ ឯកឧត្តម ហ៊ុន ជា បានចេញមុខបង្ហោះសារសម្រប សម្រួល ភាគីទាំងសងខាង វណ្ណដា និង ជី ដេវីត ដោយប្រើបេះដូងឈាមជ័រជា ខ្មែរដូចគ្នា សាមគ្គីគ្នា ធ្វើអ្វីមួយរួមគ្នាឱ្យប្រទេសរីកចម្រើន។
ឯកឧត្តម ហ៊ុន ជា បានសរសេរសំណេរកាលពីយប់ថ្ងៃទី៣១ ខែតុលា យ៉ាងដូច្នេះថា « សូមប្រើបេះដូងជាខ្មែរជួបគ្នាចាប់ដៃគ្នានិយាយគ្នា តើបងប្អូនសប្បាយចិត្ត ទេបើប្រទេសជិតខាងគេនិយាយសើចរឿង១ហ្នឹង ?សូមបងប្អូនទាំងអស់គ្នា និង Fan កុំជំរុញខ្មែរ បែកបាក់សាមគ្គី សូមប្រកួតប្រជែងគ្នាធ្វើអោយខ្មែរល្បីឈ្មោះ និង រីកចំរើន ហើយការប្រកួតប្រជែងគ្នាដើម្បីទាញយក Fans អោយគោរពស្រលាញ់ចូលចិត្តយើងវាជាចរិតពិតរបស់មនុស្សក្នុងពិភពលោកយើងហ្នឹងហើយ តែបើយើងជាខ្មែរដូចគ្នាសោះហេតុអីមិនចាប់ដៃគ្នាសាងបទអ្វី១ រឺធ្វើអ្វី១រួមគ្នា ទៅដើម្បីខ្មែររីកចំរើន បងសង្ឃឹមថាប្អូនទាំង ២ នាក់និងយល់ហើយស្រលាញ់គ្នាក្នុងនាមខ្មែរ
VD & G.DV»។
ការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ជា ក៏ធ្វើអ្នកលេងបណ្តាញសង្គម យល់ស្របដូចគ្នា ព្រោះថា វណ្ណដា និង ជី ដេវីត សុទ្ធតែជាមនុស្ស មានសមត្ថភាពក្នុងវិស័យ hip hop ដែលនាំឱ្យបរទេសស្គាល់អ្វីដែលជារបស់ខ្មែរ នឹងនាំឱ្យ វិស័យសិល្បៈខ្មែរកាន់តែមានភាពរីកចម្រើនទៅមុខ៕
សូមបញ្ចេញមតិនៅទីនេះ