សៅរ៍ , 05 វិច្ឆិកា 2022
ចិត្តធំមែន រិទ្ធ ទេវតា ត្រូវ ចាំ សិលា ទាត់ភ្លៅជាំខ្មៅបែបនេះ តែខាំមាត់ប្រាប់ថា អត់ឈឺ ព្រោះចង់ឈ្នះ និងចង់ល្បីឈ្មោះ
រិទ្ធ ទេវតា បានយកឈ្នះ ចាំ សិលា ដោយពិន្ទុសម្រាប់ការប្រកួតមិត្តភាពនៅស្ថានីយទូរទស្សន៍ជាតិ ទទក សង្វៀន TVK Fighter ក្នុងការប្រកួតនោះត្រូវបានគេមើលឃើញថា កីឡាករមកពីខេត្តសៀមរាប ទទួលរងពីការទាត់យ៉ាងដំណំពីដៃគូរហូតជាំខ្មៅត្រង់ភ្លៅយ៉ាងដំណំ ប៉ុន្តែសាមីខ្លួនបាននិយាយថា មិនឈឺឡើយ ព្រោះតែខ្លួនចង់ឈ្នះការប្រកួតនេះ ដើម្បីបំបែកកំណត់ត្រាមួយ។
ជើងខ្លាំងក្នុងប្រភេទទម្ងន់៥១គីឡូក្រាម រិទ្ធ ទេវតា បានប្រាប់មកកាន់ Lee News ក្រោយចុះពីសង្វៀនថា « ពេលនៅលើសង្វៀនហ្នឹងអត់ឈឺទេ តែពេលចុះមកក្រោមចឹងទើបឈឺ។ និយាយទៅបងខ្ញុំប្ដេជ្ញាថាមិនអីទេបងទោះឈឺក៏ដោយ បើទ្រាំបានខ្ញុំទ្រាំ ព្រោះអីចង់បំបែកកំណត់ត្រាឈ្នះគាត់ម្ដង កាលមុនខ្ញុំធ្លាប់ជួបគាត់៣លើករួចហើយអត់ដែលឈ្នះទេ បានត្រឹមស្មើម្ដង និងចាញ់២ដង ហើយលើកនេះទើបឈ្នះ។ ខ្ញុំបុកហាត់ខ្លាំងណាស់បងប្រកួតនេះចូល១ខែដែរហ្នឹង ព្រោះអីដៃគូខ្ញុំគេល្អ»។
កីឡាករដដែលបន្ថែមថា បច្ចុប្បន្នខ្លួនហាក់វិវឌ្ឍន៍ខ្លួនបានល្អជាងពីមុនច្រើន បើធៀបនឹងការប៉ះ ចាំ សិលា កាលពីខែមុន។ យ៉ាងណាគេរំពឹងថា នាថ្ងៃអនាគត នឹងគេនឹងអាចក្លាយជាកីឡាករល្បីម្នាក់ដូចរៀមច្បងផ្សេងៗផងដែរ។
បើនិយាយពី ចាំ សិលា វិញគេទទួលស្គាល់ថា ការចាញ់លើកនេះមកពីខ្លួនវាយមិនល្អ ចំណុចមួយទៀតអាចមកពីភ្លាត់ចូលមួយដៃពេញរបស់ ទេវតា ចំចិញ្ចើមទើបហើមប៉ោងមើលមិនសូវច្បាស់។ កត្តាដែលមើលមិនសូវច្បាស់នេះហើយ នាំឲ្យខ្លួនមានការលំបាកក្នុងការប្រកួត។ ទោះជាការប្រកួតបានបញ្ចប់ទៅ ដោយយ៉ាងណាក៏ដោយ ចាំ សិលា ហាក់មិនអស់អស់ចិត្ត ហើយរំពឹងថា នៅតែចង់ប៉ះគ្នាទៀត៕
សូមបញ្ចេញមតិនៅទីនេះ