ព្រហស្បតិ៍ , 10 វិច្ឆិកា 2022
តស៊ូដើម្បីមុខមាត់កម្ពុជា ឆន ស្រីណេត សុខចិត្តចំណាយលុយផ្ទាល់ខ្លួន តែថ្ងៃឡើងយន្តហោះ សូម្បីមិត្តរួមអាជីព និងហ្វេន ជូនដំណើរក៏គ្មាន
កម្សាន្ត៖ បវរកញ្ញាមានដើមកំណើតខ្មែរកម្ពុជាក្រោមកញ្ញា ឆន ស្រីណេត កាន់តែធ្វើឱ្យមហាជនអាណិតជាខ្លាំង ខណៈថ្ងៃចេញដំណើរឆ្ពោះទៅប្រទេស ម៉ាឡេស៊ី ដើម្បីចូលរួមប្រកួតលើអន្តរជាតិ គ្មានហ្វេន គ្មានមិត្តរួមអាជីពណាម្នាក់ជូនដំណើរនាងឡើងយន្តហោះឡើយ ហើយការចេញទៅប្រកួតលើកនេះ នាងត្រូវចំណាយលុយខ្លួនឯងទាំងស្រុង។
លំដាប់រងទី១ នៃកម្មវិធី បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ កញ្ញា ឆន ស្រីណេត ទទួលបានឱកាសពីអ្នកគ្រប់គ្រងក្នុងកម្មវិធី Miss Universe Cambodia លោក ម៉ែន និមលរ័ត្ន ឱ្យនាងក្លាយជាបវរកញ្ញាតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Tourism International 2022 ដែលប្រព្រឹត្តនៅប្រទេសម៉ាឡេស៊ី។
នៅថ្ងៃទី១០ ខែវិច្ឆិកា នេះគឺជាថ្ងៃដែល ឆន ស្រីណេត ចាកចេញពីប្រទេស កម្ពុជាធ្វើដំណើរចូលរួមប្រកួត ប៉ុន្តែបវរកញ្ញាតំណាងកម្ពុជារូបនេះ ពិតជាកម្សត់ណាស់ ព្រោះតាមរយៈរូបភាពដែលនាងបានបង្ហោះអ្នកជូនដំណើរមានតិចនាក់ណាស់ហាក់ខុសឆ្ងាយពីបវរកញ្ញាតំណាងកម្ពុជាផ្សេងទៀតដែលមានអ្នកចូលរួមដំណើរច្រើននាក់។
តាមការឱ្យដឹងពី ឆន ស្រីណេត តាមប្រព័ន្ធតេលេក្រាមមកកាន់ Lee News បានឱ្យដឹងថា ដោយសារតែមានការបិទផ្លូវមួយចំនួននៅរាជធានីភ្នំពេញ ទើបធ្វើឱ្យហ្វេនរបស់នាងពិបាកមកជូនដំណើរ ទោះបីជាកម្សត់បន្តិចក្តី ប៉ុន្តែមិនជាបញ្ហានោះទេ។ ស្រីណេត បន្តទៀតថា ការឡើងយន្តហោះលើកនេះ មានសាច់ញាតិ អ្នកចាត់ចែងម៉ូឌែល បានមកជូនដំណើរនាងដែរ។
មិនត្រឹមតែខ្សត់អ្នកជូនដំណើរដើម្បីឱ្យកាន់តែមានកម្លាំងចិត្តនោះទេ ប៉ុន្តែការចំណាយលើការប្រកួត Miss Tourism International 2022 គឺនាងចំណាយលុយខ្លួនឯងទាំងស្រុងដោយបានត្រៀមថវិកាជាង១ពាន់ដុល្លារក្នុងការចំណាយនៅឯប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ថា ក្នុងការប្រកួតលើឆាកអន្តរជាតិលើកនេះ ឆន ស្រីណេត នឹងនាំយក ឈុតអប្សរា និង ក្បាច់គុនល្បុក្កតោ ខណៈថ្ងៃផ្តាច់ព័្រត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕
សូមបញ្ចេញមតិនៅទីនេះ