ច័ន្ទ , 14 វិច្ឆិកា 2022
ឱក សុគន្ធកញ្ញា ជម្រុះកូនក្រុម ង៉ូង ចាន់ណា ត្រូវមហាជនរិះគន់ថា ម៉េចមើលមិនឃើញសមត្ថភាពកុមារីរូបនេះ
កម្សាន្ត៖ កម្មវិធី The Voice Kids Cambodia រដូវកាលទី៣ បានឈានចូលវគ្គ The Battles សប្តាហ៍ទី១ ដោយតម្រូវឱ្យកូនក្រុមរបស់ Coach នីមួយៗប្រកួតគ្នាយ៉ាង ស្វិតស្វាង ដោយ៣នាក់ចម្រាញ់យកតែម្នាក់ប៉ុណ្ណោះ ដើម្បីឈានទៅដល់វគ្គ Live Show ។ យ៉ាងណាមិញ ក្នុងសប្តាហ៍ទី១នេះ មហាជនពោលស្តាយយ៉ាងខ្លាំងទៅលើសមត្ថភាព កុមារី ង៉ូង ចាន់ណា ដែលមិនអាចបន្តទៅវគ្គបន្តទៀត ក្រោមការសម្រេចចិត្តរបស់អ្នកនាង ឱក សុគន្ធកញ្ញា។
អស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងវគ្គ Blind Audition របស់កម្មវិធី The Voice Kids Cambodia រដូវកាលទី៣ បានបញ្ចប់ដោយ Coach នីមួយៗរួមមាន អ្នកនាង ឱក សុគន្ធកញ្ញា , លោក ហ្សូណូ, អ្នកនាង សុគន្ធនិសា សុទ្ធតែមានកូនក្រុម ខ្លាំងរៀងៗខ្លួន។ បន្ទាប់ពីវគ្គជម្រុះខាងលើត្រូវបានបញ្ចប់ ចូលមកដល់វគ្គ មួយដែលមានភាពតានតឹងយ៉ាងខ្លាំងក្នុងវគ្គ The Battles ដែលបានឈាន មកដល់សប្តាហ៍ទី១ហើយ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ក្នុងវគ្គ The Battles នេះ កូនក្រុមរបស់ Coach នីមួយៗ ត្រូវប្រកួតជាក្រុមមាន ចំនួន៣នាក់ ហើយក្នុងចំណោម៣នាក់ក្នុងTeamតែមួយ គ្រូបង្វឹកមានសិទ្ធរើសបានតែម្នាក់ប៉ុណ្ណោះ។ យ៉ាងណាក្នុងវគ្គនេះក៏មានលក្ខខណ្ឌ ពិសេសមួយដោយគ្រូបង្វឹកផ្សេងទៀតអាច Steal យកកុមាររូបណាដែលខ្លួនពេញចិត្តមកធ្វើជាកូនក្រុមបាន។
យ៉ាងណាមិញ ក្នុងសប្តាហ៍ទី១ វគ្គ The Battles នេះមហាជនបានពោលស្តាយទៅលើកុមារី ង៉ូង ចាន់ណា ជាកូនក្រុមអ្នកនាង ឱក សុគន្ធកញ្ញា ដែលមានសមត្ថភាពច្រៀងបានយ៉ាងពីរោះ ស្រែកដោយមិនបាច់ប្រឹងបែរជាមិនអាចជាប់ទៅវិញ។
កូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា រួមមានកុមារី ចំរើន ដានីត, កុមារី វឿន ពិសី និងកុមារី ង៉ូង ចាន់ណា ត្រូវប្រកួតជាមួយគ្នាក្នុងបទចម្រៀងមួយបទមានចំណងជើងថា “គេមិនស្រលាញ់យើង» ពីសំនៀងដើមតារាចម្រៀង សួស វីហ្សា ដោយ ឱក សុគន្ធកញ្ញា សម្រេចចិត្តជ្រើសយក កុមារី វឿន ពិសី ដោយជម្រុះ កុមារី ចំរើន ដានីត និងកុមារី ង៉ូង ចាន់ណា ដោយអ្នកទាំងពីរមិនមាន Coach រូបណា Steal យកឡើយ។
ក្នុងនោះមហាជនដែលបានតាមដានក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី៣ នេះហាក់មិនអស់ចិត្តយ៉ាងខ្លាំងទៅលើសមត្ថភាព របស់កុមារី ង៉ូង ចាន់ណា ថាក្មេងម្នាក់នេះមានសំឡេងពីរោះ បែរជាមិនអាចជាប់ទៅវិញ។ អ្នកប្រើប្រាស់បណ្តាញសង្គមលើកឡើងថា «ហេតុអ្វី មិនឃើញសមត្ថភាព ចាន់ណា ចឹង សំឡេងនាងល្អណាស់ ស្រលាញ់នាង» , «99នាក់ថាចាន់ណាច្រៀងពីរោះ សូម្បីតែខ្ញុំក៏ថាពពីរោះដែរ យាយមែន»
«ស្ដាយ ចាន់ណា សំលេងមានទឹកដមច្រៀងពីរោះមិនបាចប្រឹងហេតុអីមិនជាប់»
«ចាន់ណារើសគ្រូខុស» «ចាន់ណា ច្រៀងពីរោះតែអត់ជាប់អត់យល់»,«ចាប់ដៃគូរសុទ្ធទែជើងខ្លាំង ចឹងពិបាកសម្រេចចិត្តណាស់»៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/leenewskomsan/videos/1431964840949754/
សូមបញ្ចេញមតិនៅទីនេះ