ពុធ , 16 វិច្ឆិកា 2022
លោក Alistair Heath ៖ អង្គរថាយហ្គឺរ នឹងរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីបំពេញចំនុចខ្វះខាត
(បាល់ទាត់)៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសចែកផ្លូវជាមួយកីឡាករមួយចំនួន ក្រោយចប់បេសកម្មក្នុងរដូវកាលឆ្នាំ២០២២ នេះ ខណៈលោក Alistair Heath គ្រូបង្វឹកជនជាតិអង់គ្លេស បញ្ជាក់ថា លោកកំពុងតែរៀបចំរចនាសម្ព័ន្ធ ក្នុងក្លិបដែលមានប្រធានក្លិបជាជនជាតិជប៉ុន នេះឡើងវិញ។
លោក Alistair Heath បានលើកឡើងដូច្នេះថា៖«ខ្ញុំមានសារសំខាន់ចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នា ក៏ដូចជាកីឡាករ ដោយជាដំបូងខ្ញុំ សូមអរគុណចំពោះការគាំទ្រ និងនៅតែបន្តគាំទ្រ។ ចំពោះ កីឡាករចាស់ៗដែលបានចាកចេញពីពួកយើង កាលពីរយៈពេលថ្មីៗចុងក្រោយនេះ ខ្ញុំសូមអរគុណសម្រាប់ការប្រឹងប្រែង ចូលរួមជាចំណែករបស់ពួកគេក្នុងរដូវកាលកន្លងទៅនេះ ដែលមានរឿងជាច្រើនទាំងពេលវេលាល្អ និង មិនល្អរួមគ្នាជាច្រើន ហើយសម្រាប់រឿងនោះ ខ្ញុំពិតជាដឹងគុណលើការលះបង់ និងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ និងលេងជាក្រុមខ្លាំងណាស់។ ខ្ញុំសូមជូនពរឱ្យពួកគេទទួលបានជោគជ័យក្នុងអាជីពនាពេលអនាគតរបស់ពួកគេជាបន្តបន្ទាប់»។
អតីតគ្រូបង្វឹករបស់ក្រុមយុវជនក្លិប Leicester City នៅអង់គ្លេស បានបន្តថា៖«ទោះជាយ៉ាងណាក៏ដោយ អ្វីដែលយើងបានបង្ហាញ គឺការរៀបចំ រចនាសម្ព័ន្ធឡើងវិញ ដែលខ្ញុំធ្លាប់បាននិយាយអំពីរដូវកាលមុន ឥឡូវនេះយើងក៏កំពុងដំណើរការ ដើម្បីបំពេញចំនុចខ្វះខាត។ ការសម្រេចចិត្តដ៏លំបាកជាច្រើនបានកើតមាន និងកំពុងត្រូវបានដំណើរការដោះស្រាយ។ ទោះបីជាខ្ញុំនឹងធ្វើការដាក់កំហិត រឹតត្បិតក្នុងការអនុវត្តនូវ ការដឹកនាំ និងវិន័យថ្មីៗ សម្រាប់ក្រុមអោយកាន់តែប្រសើរ ដូចអ្វីដែលខ្ញុំចង់បាន ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកំពុងធ្វើការលើទម្រង់ដឹកនាំថ្មី និងកែតម្រូវពីចំណុចខ្វះខាតចាស់ នៃរចនាសម្ព័ន្ធក្លិបឡើងវិញនេះឱ្យអស់ពីសមត្ថភាព ហើយនឹងបន្តធ្វើដូច្នេះទៅមុខទៀតដើម្បីលទ្ធផលកាន់តែប្រសើរ»។
គួរបញ្ជាក់ថា ក្រុមអង្គរថាយហ្គឺរ បញ្ចប់រដូវកាលនេះ ឈរចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមក្រុមជាសមាជិក៨ក្រុម ក្នុងពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2022 ខណៈក្នុងពានរង្វាន់សម្តេចតេជោ ឆ្នាំ២០២២ ក្រុមនេះរបូតចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមខេត្តកោះកុង ដោយលទ្ធផលទាំង២ជើង ៥ទល់២៕
សូមបញ្ចេញមតិនៅទីនេះ