ពុធ , 16 វិច្ឆិកា 2022
កីឡាករ និងអ្នកដឹកនាំ គួរដឹងពីល្បិចផ្គូផ្គងរបស់ថៃ ដើម្បីរៀបស៊ីកីឡាករខ្មែរ
សម្រាប់វត្តមានកីឡាករខ្មែរចេញទៅវ៉ៃនៅ ថៃ ភាគច្រើនតែមានការត្អូញត្អែថា ចាញ់តែមកីឡារក ថៃ សឹងតែគ្រប់គ្នា ទាំងសមត្ថភាព និងការធ្វើគីឡូ គឺភាគីខ្មែរចាញ់ប្រៀបតាំងពីមុនការប្រកួតទៅហើយ ពោលគឺការប៉ះគ្នាទាល់តែគេមានតែមលើយើង ទើបគេរៀបឱ្យមានការប្រកួត។
ពេលបច្ចុប្បន្ននេះមានអ្នកដឹកនាំកីឡាករគុនខ្មែរចេញវ៉ៃនៅប្រទេស ថៃ មានចំនួនច្រើន ដែលមានទាំងកីឡាករគុនខ្មែរ លំដាប់ A និងលំដាប់ B ហើយមួយរយៈនេះទោះជាកីឡាករ គុនខ្មែរ ទទួលបានលទ្ធផលគាប់ប្រសើរខ្លះៗក្តី ប៉ុន្តែអ្នកដឹកនាំ ក៏ដូចជាកីឡាករផ្ទាល់ត្រូដឹងពីល្បិចកលរបស់ ថៃ មួយចំនួនមុននឹងទទួលយកការប្រកួត ដើម្បីជៀសវាងការបរាជ័យ បង្កើតក្តីអាម៉ាសដល់ខ្លួន និងអាប់មុខដល់គុនខ្មែរ...។
ល្បិចដែលអ្នកខ្លះមិនបានចាប់អារម្មណ៍ទាំងនោះ ដូចជាការធ្វើគីឡូ ដោយភាគីខាង ថៃ ភាគច្រើន គេតែងរៀបចំឡើងមានតែមលើកីឡាករគុនខ្មែរជានិច្ច ពោលគឺបើកីឡាករគេ មានគីឡូធំជាងខ្មែរយើង គេមិនសម្រកដើម្បីមកប៉ះជាមួយយើងទេ គេតែងតម្រូវឱ្យកីឡាករខ្មែរញ៉ាំតម្លើងគីឡូទៅស្មើគេ ទោះដឹងច្បាស់ថា ខ្មែរយើងមាឌតូចជាងគេដាច់ក៏ដោយ។
រូបភាពនេះស្តែងចេញដូចជាកីឡាក ធន់ ចាន់តាក់ កាលទៅក្រកួតជាមួយកីឡាករថៃ ប៉តថ កាលពីពេលថ្មីៗនោះ គេតម្រូវឱ្យយើងញ៉ាំតម្លើងគីឡូដល់ទៅ៣ គីឡូ ឯណោះ តែសម្រាប់គេវិញ គេមិនសម្រកខ្លះដើម្បីមកជួបយើងទេ។ ចំណុចនេះហើយដែលយើងចាញ់តែមគេ ព្រោះគេគីឡូស៊ីន ល្អទាំងកំពស់ ល្អទាំងកំលាំង ដែលអាចប្រើអាវុធបានលឿន។ ដោយឡែកកីឡាករយើងវិញញ៉ាំយកគីឡូស្មើគេ ធាត់ពេកធ្វើឱ្យពិបាកក្នុងការប្រកួត គឺប្រើអាវុធមិនបានលឿន និងមានមាឌតូចជាងគេផងនោះ ដែលជាចំណុចចាញ់ប្រៀបគេតាំងពីមុនការប្រកួតទៅហើយ។
មិនខុសពី ធន់ ចាន់តាក់ សម្រាប់ការជួបគ្នារវាងកីឡាករ អេអាំម៉ារិន ជាមួយ ណាប៊ីល តើមានហេតុផលអ្វីទើបតម្រូវឱ្យកីឡាករ ថៃ រូបនេះ សម្រកពីគីឡូស៊ីន ១គីឡូបន្ថែមទៀត ទាំងដឹងថា អេអាំម៉ារិន លើសគីឡូដល់ទៅ៥គីឡូទៅហើយ តែបែរជាតម្រូវឱ្យខ្មែរយើងសម្រកដល់ទៅ៦គីឡូ ដើម្បីធ្វើការប្រកួតមួយនេះ។ ចំណុចនេះយើងដឹងច្បាស់ហើយថា ការសម្រកដល់ទៅ៦គីឡូ កីឡាករអស់កំលាំងស្ទើតែវ៉ៃលែងកើតទៅហើយ ។ មូលហេតុនឹងហើយដែលការជួបគ្នាជាមួយ ណាប៊ីល ទើបធ្វើឱ្យ អេអាំម៉ារិន មិនសូវមានកំលាំងពេញដូចការប្រកួតរាល់ដង។
ការប្រើល្បិចរបស់ ថៃ មួយទៀតដែលយើងគួរតែដឹងច្បាស់ គឺការចាប់គួររបស់ ថៃ គឺគេតែងព្យាយាមដាក់កីឡាករខ្មែរឱ្យប៉ះ ថៃ លំដាប់ៗ ដែលមានកម្រិតលើយើងដាច់។ ចំណុចនេះមានន័យថា លទ្ធផលឈ្នះរបស់គេមានភាគរយខ្ពស់តាំងពីមុនការប្រកួតមកម៉្លេះ រូបភាពទាំងនេះហើយ ដែលអ្នកដឹកនាំ និងកីឡាករ គួរគិតពិចារណាឡើងវិញង ហើយសួរខ្លួនឯងថា តើ បើយើងមើលឃើញរូបភាពបែបនេះច្បាស់នឹងភ្នែកហើយ គួរនៅតែចេញទៅប្រកួត ឬអត់ ? ពេលខ្លះយើងមិនគួរគិតតែមួយជ្រុងថា ការដឹកនាំកីឡាករគុនខ្មែរទៅវ៉ៃនៅ ថៃ ដើម្បីផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់គុនខ្មែរ ភ្លេចគិតថាទង្វើរបស់ខ្លួនជាការជាន់ពន្លិចកិត្តិសយគុនខ្មែរ ទាំងដែលខ្លួនដឹងច្បាស់ថា ចាញ់គេតាំងពីមុនការប្រកួត តែនៅបន្តធ្វើដើម្បីតែផលប្រយោជន៍ខ្លួននោះទេ ៕
សូមបញ្ចេញមតិនៅទីនេះ