ច័ន្ទ , 21 វិច្ឆិកា 2022
ប្រវត្តិសាស្រ្តថ្មីបាល់ទាត់កម្ពុជា អ្នកចាំទីបានកាតក្រហមពីរនាក់ ក្នុងមួយប្រកួត
(បាល់ទាត់)៖ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តលីគកំពូលកម្ពុជា ដែលអ្នកចាំទីទាំងសងខាង ក្នុងជម្រើស១១នាក់ដំបូង ដោយទទួលការព្រមានកាតក្រហមដូចគ្នា ក្នុងជំនួបដ៏តានតឹង រវាងក្លិបបាល់ទាត់ វិសាខា ជាមួយ បឹងកេត នាកីឡដ្ឋាន Prince Stadium។
ការប្រកួតដ៏ជក់ចិត្តយប់មិញនេះ ក្លិបបាល់ទាត់ វិសាខា ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា បន្តរក្សាឈរនៅកំពូលតារាងនៃលីគកំពូលកម្ពុជា ឆ្នាំ២០២២ ដោយគិតត្រឹម សប្តាហ៍ទី២៥ បន្ទាប់ពីយកឈ្នះ បឹងកេត ក្នុងលទ្ធផល ៥-៣ នារាត្រីថ្ងៃទី២០ ខែវិច្ឆិកា។
ក្នុងនោះអ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់ បឹងកេត ទទួលបានកាតក្រហម នៅនាទី១៤’ បន្ទាប់ពីបង្កកំហុស ដោយចាប់ទាញកីឡាកររបស់ វិសាខា ក្នុងតំបន់គ្រោះថ្នាក់ ខណ:អ្នកចាំទី កែវ សុខសិលា របស់ វិសាខា វិញ ក៏ទទួលបានកាតក្រហមដូចគ្នា នៅនាទី២២’ បន្ទាប់ពីបង្កកំហុសលើកីឡាករ ម៉ាត់ ណូរុន។
ជាមួយគ្នានេះដែរ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់លោក Conor Nestor បានរងបរាជ័យក្រោមថ្វីជើង ភ្នំពេញក្រោន ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Smart RSN ហើយនេះ គឺជាការចាញ់៤ប្រកួតជាប់ៗគ្នា បន្ទាប់ពីកាន់កាប់កំពូលតារាងលីគកំពូលកម្ពុជា អស់រយ:ពេល២៧០ថ្ងៃ។
ដូច្នេះគិតត្រឹមសប្ដាហ៍ទី២៥ យើងមើលឃើញថា វិសាខា ស្ថិតនៅកំពូលតារាង មាន ៤៩ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន និងព្រះខ័នស្វាយរៀង មាន ៤៦ពិន្ទុ ដូចគ្នា ខណៈបឹងកេត ស្ថិតនៅលេខ៤ មានត្រឹម ៣៩ពិន្ទុ ប៉ុណ្ណោះ៕
សូមបញ្ចេញមតិនៅទីនេះ