អង្គារ , 22 វិច្ឆិកា 2022
រៀម សុខភិរម្យ អ្នករ៉េបម្នាក់ក្នុងបទ «វីរៈភាពកីឡា» មានប្រវត្តិមិ-នធ-ម្ម-តា
កម្សាន្ត៖ បទចម្រៀងមួយបទមានចំណងជើងថា «វីរៈភាពកីឡា» បានតាក់តែងឡើង ជាពិសេសសម្រាប់ពិធីបើកកីឡាជាតិលើកទី៣ បកស្រាយដោយសិល្បករ៦រូប រួមគ្នាក្នុងនោះលោក រៀម សុខភិរម្យ ជាអ្នករ៉េបម្នាក់ក្នុងបទចម្រៀងនេះ ហើយលោកមានប្រវត្តិមិនធម្មតា មិនត្រឹមតែជាសិល្បករប៉ុណ្ណោះទេ តែលោកគឺជាកីឡាករជម្រើសជាតិធ្លាប់ទទួលបានមេដាយជាច្រើន។
ក្នុងព្រឹត្តិការណ៍បើកកម្មវិធីកីឡាជាតិលើកទី៣នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅយប់មិញនេះបានធ្វើឱ្យមហាជន ពោលសរសើរយ៉ាងខ្លាំងពីការរៀបចំក្នុងកម្មវិធីនេះដោយបានបង្ហាញពីអត្តសញ្ញាណកម្ពុជាជាច្រើន។ ក្នុងនោះបទ «វីរៈភាពកីឡា» ការបង្ហាញសម្រាប់ពីធីនេះដូចគ្នា ដែលបកស្រាយដោយ មាស សុខសោភា , ដួង វីរៈសិទ្ធ , ម៉ម ពេជ្ជរិទ្ធ , ពូឃ្លាំង , តី និង រៀម សុខភិរម្យ ។
ទន្ទឹមនឹងបទចម្រៀងខាងលើនេះ អ្នករ៉េបម្នាក់គឺ លោក រៀម សុខភិរម្យ ត្រូវបានលោក ម៉ម សំនៀង ដែលជាបងប្រុសបង្កើតរបស់លោក ដួង វីរៈសិទ្ធ បានទម្លាយពីប្រវត្តិរបស់ រៀម សុខភិរម្យ ថាលោកមិនត្រឹមតែជាសិល្បករប៉ុណ្ណោះទេ តែលោកក៏ជាកីឡាករជម្រើសជាតិម្នាក់ធ្លាប់ទទួលបានមេដាយជាច្រើនផងដែរ។
លោក រៀម សុខភិរម្យ មានស្រុកកំណើតនៅរាជធានីភ្នំពេញ បច្ចុប្បន្នមានអាយុ៣៣ឆ្នាំ ។ ដំណើរជីវិតរបស់ ភិរម្យ លើអាជីពសិល្បៈ លោកគឺជាសមាជិកមួយរូបក្នុងក្រុម Smallworld Smallband ក្រុមតូច ដែលមានសមាជិកសរុប៤នាក់ តែគួរឱ្យសោកស្តាយក្រុមនេះបានប្រកាសរំសាយ នៅចុងខែធ្នូ ឆ្នាំ២០២១ ក្រោយដំណើរលើអាជីពសិល្បៈ៩ឆ្នាំ។
បើតាមការបញ្ជាក់ពីលោក ម៉ម សំនៀង ជាបងប្រុសបង្កើតលោក ដួង វីរៈសិទ្ធ បានទម្លាយទៀតថា ក្រៅពីរូបលោក គឺលោក ភិរម្យ នេះហើយគឺជាអ្នកបណ្តុះបណ្តាល ឬមើលការខុសត្រូវ ម៉ម ពេជ្ជរិទ្ធ ម្ចាស់បទ«ឆ្ងាយ» ។ មិនត្រឹមប៉ុណ្ណោះលោកក៏ជាអ្នកនិពន្ធម្នាក់ក្នុងបទ «អច្ឆរយៈកីឡា» ដែលបកស្រាយដោយ ដួង វីរៈសិទ្ធ និង ម៉ម ពេជ្ជរិទ្ធ ផងដែរ។
មិនត្រឹមមានចំណេះជំនាញលើសិល្បៈនិងជួយបណ្តុះបណ្តាល ពេជ្ជរិទ្ធ ប៉ុណ្ណោះទេ ប៉ុន្តែលោក រៀម សុខភិរម្យ គឺជាកីឡាករជម្រើសជាតិម្នាក់ធ្លាប់ទទួលបានមេ ដាយជាច្រើន ផ្នែកសីដក់ និង ឈិនឡូន។
នៅក្នុងឆ្នាំ២០១៥ កីឡាករ ភិរម្យ រកបានមេដាយមាស១ និងសំរឹទ្ធិ១ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ នៅប្រទេសសឹង្ហបុរី និងក្នុងឆ្នាំ២០១៧ ទទួលបាន មេដាយសំរឹទ្ធិ២ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី។ ក្រៅពីព្រឹត្តិការណ៍ស៊ីហ្គេម លោកក៏ទទួលបានមេ ដាយជាច្រើនទៀតផងដែរ។
ចំពោះសមិទ្ធផលខាងលើនេះហើយ លោក ភិរម្យ កំពុងធ្វើឱ្យមហាជន ចាប់ អារម្មណ៍យ៉ាងខ្លាំងព្រោះលោកមិនត្រឹមជាសិល្បករកាន់ក្បាល ម៉ៃក្រូហ្វូនឡើងឆាក តន្រ្តីប៉ុណ្ណោះទេ តែលោកក៏ជាកីឡាករជម្រើសជាតិម្នាក់សម្រាប់ប្រទេសកម្ពុជា៕
សូមបញ្ចេញមតិនៅទីនេះ