ពុធ , 23 វិច្ឆិកា 2022
បារមី លើកឡើងបែបនេះក្រោយអ្នកមួយចំនួននៅលើកឡើងថា តារាចម្រៀងម្នាក់រងភាពអ-យុត្តិ-ធម៌ករ-ណីប-ទបែ-កធ្លា-យរបស់ វណ្ណដា
កម្សាន្ត៖ បន្ទាប់ពីផលិតកម្មបារមីចេញសេចក្តីជូនដំណឹងដល់អ្នកនៅបន្តចែកចាយ បទធ្លាយរបស់ វណ្ណដា ដោយទុករយៈពេល១៥ថ្ងៃក្នុងការលុបនោះនៅតែមានអ្នកមួយ ចំនួនតូចលើកឡើង ពីតារាចម្រៀងម្នាក់នៅរងភាពអយុត្តិធម៌លើករណីនេះ។ យ៉ាងណានៅល្ងាចថ្ងៃទី ២៣ ខែវិច្ឆិកា ផលិតកម្មបារមី បានចេញសេចក្តីបញ្ជាក់ម្តងទៀត ដើម្បីឱ្យសាធារណជនយល់ដឹងបន្ថែមពីកម្មសិទ្ធបញ្ញា។
តាមការរៀបរាប់លើទំព័រផេករបស់ បារមី បានឱ្យដឹងថា « បារមីសូមអរគុណយ៉ាងជ្រាលជ្រៅទៅកាន់ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលបានចំណាយពេលវេលាប្រឹក្សា និង ពន្យល់ណែនាំ ពួកយើងឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិកម្មសិទ្ធិបញ្ញារបស់សិល្បករ និង ស្នាដៃរបស់សិល្បករយើង។
បន្ទាប់ពី បារមីបានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការកាលពីម្សិលមិញមក ពួកយើងបានសង្កេត ឃើញថា មានសាធារណជនមួយចំនួនតូចបានបញ្ចេញមតិថា តារាចម្រៀងម្នាក់ មានការរងនូវភាពអយុត្តិធម៌ ទាក់ទងនឹងករណីនេះ។ ពួកយើងដឹងថា ក្នុងករណីនេះ វាជារឿងងាយមែនទែនក្នុងការយកអារម្មណ៍ មនោសញ្ចេតនាមកធ្វើការវិភាគ ប៉ុន្តែយើងសូមធ្វើការអំពាវនាវទៅកាន់ មហាជនទាំងអស់គ្នាឱ្យធ្វើការស្វែងយល់ និងពិចារណា ដោយផ្អែក ទៅលើច្បាប់ជាក់លាក់ដែលបានចែងជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា ដែលយើង កំពុងតែទទួលការប្រឹក្សា យោបល់ពីខាង ក្រសួង និង មេធាវីរបស់យើង។
តាមលិខិតជូនដំណឹងរបស់ បារមី បានឱ្យដឹងទៀតថា «បន្ទាប់ពីធ្វើការសិក្សាទៅលើវីដេអូបកស្រាយ (Podcast) របស់តារាចម្រៀងម្នាក់ ដែលក្នុងវីដេអូនោះ គាត់បានលើកឡើងថា គាត់ចង់ប្រាប់ទៅកាន់តារាចម្រៀង វណ្ណដា ឱ្យបានដឹងថា វណ្ណដា បាន បែកធ្លាយ បទចម្រៀង J+O II តាមរយៈប៉ារ៉ូល៖ “CATCH ME IF YOU ខឹង” នៅក្នុងការបកស្រាយ (description) នៃចម្រៀងដែលគាត់បានធ្វើការបង្ហោះកាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២ មុនពេលដែលបទ J+O II ចេញជាផ្លូវការពីម្ចាស់កម្មសិទ្ធិដើម។ ករណីនេះយើងសន្មតថា តារាចម្រៀងម្នាក់នោះ អាចយល់/មិនយល់ ច្បាស់ ទាក់ទងជាមួយនឹងច្បាប់ធរមានដែលយោងទៅតាម ច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល។
ក្នុងលិខិតជូនដំណឹង ផលិតកម្មបារមី នៅតែប្រកាន់ជំហរថា អ្នកចម្លងយកផ្នែកណាមួយ នៃចម្រៀងរបស់យើងដោយគ្មានការអនុញ្ញាត និងប្រើប្រាស់វាក្នុងន័យលេងសើច ចំអកឡកឡើយ គួរតែមាន ករណីកិច្ច សុំអភ័យទោសពីម្ចាស់បទ មុននឹង អាចបន្តធ្វើការសម្រុះសម្រួលគ្នាដោយសន្តិវិធីបាន។ ពួកយើងក៏សង្ឃឹមយ៉ាងមោះមុតដែរថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈចូលរួមជួយធ្វើអន្តរគមន៍ដើម្បីឱ្យភាគីទាំងពីរចរចារគ្នានិងស្វែងរកដំណោះស្រាយល្អសម្រាប់ភាគីទាំងសងខាង៕
សូមបញ្ចេញមតិនៅទីនេះ