ពុធ , 30 វិច្ឆិកា 2022
ផ្លូវការ! គុនល្បុក្កតោ បានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌ អរូបីយនៃមនុស្សជាតិ នៃអង្គការ UNESCO
(គុនល្បុក្កតោ)៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារ បេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ(UNESCO) បានអនុម័តចុះ គុនល្បុក្កតោ ក្នុងបញ្ជី តំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងសេចក្តីសម្រេច 17.COM7.b.1។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ ក៏ បានអបអរសាទរកម្ពុជា ក្នុងការគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ផងដែរ។
ល្បុក្កតោ ឬ ជាអក្សរឡាតាំង Bokator ឬ Labokkatao គឺជាក្បាច់គុនវប្បធម៌ខ្មែរ ដែលរួមមានការប្រយុទ្ធ ការគេចពីសត្រូវ និងការប្រើប្រាស់អាវុធជាដើម។ គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើង ដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ។
ការប្រើក្រមា នៅពេលគេវាយគ្នា គេតែងតែពាក់ឯកសណ្ឋានដូចទៅនឹងទាហានខ្មែរ កាលសម័យបុរាណអញ្ចឹង។ ក្រមា ត្រូវបានគេចងជុំវិញចង្កេះ ហើយ រង្វេលសូតពណ៌ក្រហម ត្រូវគេឲ្យឈ្មោះថា «ថ្ងៃសង្វារ» ដែលគេចងជុំវិញក្បាល។ ល្បុក្កតោមានក្បាច់ជាច្រើនដូចជាក្បាច់សេះ ក្បាច់ទា ក្បាច់តោ ក្បាច់បក្សី ក្បាច់ស្ដេចស្វា ក្បាច់ដំរី ក្បាច់អប្សរា និង ក្បាច់ក្រពើជាដើម។
គួរដឹងថាការស្នើសុំដាក់បញ្ចូលក្បាច់គុនល្បុក្កតោ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រោមការចង្អុល បង្ហាញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ២០១០ មកដល់ឆ្នាំ ២០២២ ទើបទទួលបានជោគជ័យ៕
សូមបញ្ចេញមតិនៅទីនេះ