ពុធ , 30 វិច្ឆិកា 2022
មួយគ្រាប់គត់របស់ Pulisci ជួយអាមេរិក ឡើងវគ្គ ១៦ក្រុម ចុងក្រោយ World Cup 2022
(បាល់ទាត់)៖ ក្រុមជម្រើសជាតិអាមេរិក ទទួលបានកៅអីឡើងទៅកាន់វគ្គ១៦ក្រុម ចុងក្រោយហើយ ដោយនឹងត្រូវទៅប៉ះជាមួយក្រុមជើងខ្លាំងហុល្លង់ បន្ទាប់ពីបានយកឈ្នះ ក្រុមមកពីអាស៊ី ជម្រើសជាតិអ៊ីរ៉ង់ ១-០។
មួយគ្រាប់របស់អាមេរិក ធ្វើបានដោយខ្សែប្រយុទ្ធរបស់ក្លិប Chelsea កីឡាករ Christian Pulisic ក្រោយមានការបញ្ជូនពីខ្សែការពារ Sergino Dest នៅក្នុងវគ្គទីមួយ។ មួយគ្រាប់នេះ គ្រប់គ្រាន់ឲ្យអាមេរិក ទទួលបានជ័យជម្នះ និង ៣ពិន្ទុ ឡើងឈរលេខ២ ក្នុងពូល B ក្រោមក្រុមអង់គ្លេស ពីរពិន្ទុ។
តាមរយៈលទ្ធផលខាងលើអ៊ីរ៉ង់ បានធ្លាក់ចេញពីកម្មវិធី World Cup ទាំងខកចិត្ត ខណៈអាមេរិក ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ត្រូវទៅប៉ះជាមួយ ហូឡង់។ នេះជាលើកទី៣ហើយ ដែលអាមេរិក បានឡើងទៅកាន់វគ្គចាញ់ធ្លាក់ នៅ៤កម្មវិធីចុងក្រោយ។
ការប្រកួតរវាងអាមេរិក និងហុល្លង់ នឹងរៀបចំនៅថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២២ ក្នុងកីឡដ្ឋាន Al Rayyan។ អាមេរិក ធ្លាប់ធ្វើបានចំណាត់ថ្នាក់ល្អបំផុតកាលពីឆ្នាំ២០០២ ពេលនោះពួកគេឡើងដល់វគ្គ៨ក្រុមចុងក្រោយ។ ឆ្នាំ២០២៦ ពួកគេនឹងសហការជាមួយកាណាដា និងម៉ិកស៊ិក ដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះ World Cup៕
សូមបញ្ចេញមតិនៅទីនេះ