ព្រហស្បតិ៍ , 01 ធ្នូ 2022
មុនលេងពាន AFF Cup ចុងខែនេះ វៀតណាម បង្ហាញសាច់ដុំ ដោយបំបាក់ Dortmund ២ ទល់នឹង ១ ក្នុងប្រកួតមិត្តភាព
(បាល់ទាត់)៖ កាលពីល្ងាច ថ្ងៃ ពុធ ទី ៣០ ខែវិច្ឆិកានេះ ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះ ក្រុមខ្លាំង Borussia Dortmund សមាជិកលីគកំពូលអាឡឺម៉ង់ Bundesliga ក្នុងលទ្ធផល ២ ទល់នឹង ១ ក្នុងការប្រកួតមិត្តភាព នៅទីក្រុងហាណូយ ដែលជាការកម្ដៅសាច់ដុំដ៏ល្អឥតខ្ចោះ សម្រាប់គ្រូបង្វឹក Park Hang-seo មុនយុទ្ធនាការ AFF Cup ឆ្នាំ 2022 របស់លោក ក្នុងខែធ្នូនេះ។
ក្នុងការប្រកួតយប់មិញនេះ គេសង្កេតឃើញថា ក្រុមភ្ញៀវ បានសម្រុកយ៉ាងខ្លាំងទៅលើម្ចាស់ផ្ទះវៀតណាម នៅដើមតង់ដំបូង ដោយខ្សែប្រយុទ្ធរបស់ Dortmund កីឡាករ Donyell Malen បានរកគ្រាប់បាល់នាំមុខ ត្រឹមនាទីទី ១៣ ប៉ុណ្ណោះ ប៉ុន្តែ ២០ នាទីក្រោយមក ពោលគឺនៅនាទី៣៦ ខ្សែប្រយុទ្ធ Tien Linh រកបានមួយគ្រាប់តាមស្មើវិញ មុនពេល Tuan Hai ស៊ុតបាល់ប៉េណាល់ទី ឲ្យវៀតណាម ទទួលជ័យជំនះលើក្រុមភ្ញៀវ។
ការប្រកួតនេះ គេសង្កេតឃើញថា ក្រុម Borussia Dortmund មិនមានវត្តមានកីឡាករសំខាន់របស់ខ្លួនឡើយ ដោយសាររបួស និងមួយចំនួនធំជាប់ភារៈកិច្ចជួយប្រទេសលេង World Cup នៅកាតា។
ការប្រកួតមិត្តភាពនេះ ត្រូវបានចាត់ទុកថា ជាការសាកល្បង និងជាការត្រៀមខ្លួនដ៏ល្អឥតខ្ចោះមួយ សម្រាប់គ្រូបង្វឹកជនជាតិកូរ៉េ Park Hang-seo និងក្រុមវៀតណាម មុនពេលពួកគេចាប់ផ្តើមលេងក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នាពេលខាងមុខ។
សហព័ន្ធកីឡាបាល់ទាត់វៀតណាម ក្រុមជម្រើសជាតិរបស់ខ្លួន គ្រោងនឹងប្រកួតមិត្តភាពមួយទៀតជាមួយហ្វីលីពីន នៅខែធ្នូ មុនពេលការប្រកួត AFF Cup ចាប់ផ្តើម។
គួររម្លឹកថា ការប្រកួតបាល់ទាត់ថ្នាក់តំបន់នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែធ្នូ ដល់ថ្ងៃទី១៦ ខែមករា។ វៀតណាម ស្ថិតក្នុងពូល B ហើយពួកគេ នឹងប្រកួតក្រៅដីពីរប្រកួតជាមួយឡាវ និងសិង្ហបុរី នៅថ្ងៃទី ២១ ខែធ្នូ និងថ្ងៃទី ៣០ ខែធ្នូ រៀងគ្នា។ បន្ទាប់មក ពួកគេ នឹងលេងនៅផ្ទះជាមួយម៉ាឡេស៊ី នៅថ្ងៃទី ២៧ ខែធ្នូ និងមីយ៉ាន់ម៉ា នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣។
គួរបញ្ជាក់ថា AFF Cup 2022 គឺជាការប្រកួតចុងក្រោយរបស់ Park ក្នុងតួនាទីជាគ្រូបង្វឹក បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់វៀតណាម បានប្រកាសថា អ្នកជំនាញកូរ៉េរូបនេះ នឹងមិនបង្វឹកក្រុមជម្រើសជាតិ ទៀតទេ បន្ទាប់ពីការប្រកួត AFF Cup ហើយកិច្ចសន្យារបស់លោក នឹងផុតកំណត់នៅខែមករា ឆ្នាំ ២០២៣៕
សូមបញ្ចេញមតិនៅទីនេះ