សុក្រ , 02 ធ្នូ 2022
សុវណ្ណកុមារ ហាត់ខាំលើកថ្ម ១ថ្ងៃ ២០០លើក ពេលឡើងសង្វៀនពិជាអស្ចារ្យ ធ្វើឱ្យអ្នកគាំទ្រគុនខ្មែរចង់ឃើញការប្រកួតខ្លាំង
សុវណ្ណកុមារ អ្នកប្រដាល់ជើងថ្មីដែលទើបឡើងសង្វៀនបានជាង១០លើក បាននិយាយថា ចូលមួយដៃពេញរបស់ ស ជ័យ រហូតធ្លាក់ប្រដាប់ការពារធ្មេញតែមិនអី ព្រោះខ្លួនហាត់មុខរាល់ថ្ងៃ ហើយបើបានវាយញឹកញាប់កាន់តែល្អ។ ការលើកឡើងនេះក្រោយពេលផ្ដួលកីឡាករ សរ ជ័យ ត្រឹមទឹកទី១ នៅសង្វៀន TVK Fighter របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក កាលពីល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។
ក្រោយការប្រកួតនេះកីឡាករមកពីក្លិបចតុមុខកីឡាខាងលើបានរៀបរាប់ប្រាប់ Lee News ថា « ចូលមួយដៃនេះពេញដែរបង តែមិនអីទេ ព្រោះខ្ញុំគិតថាដៃគាត់នៅស្រាល។ … ខ្ញុំហាត់មុខរាល់ថ្ងៃបងគឺហាត់ខាំធ្មេញលើកថ្មមួយថ្ងៃ១៥០លើក ទៅ២០០លើក ការហាត់មុខខ្លាំងចឹងហើយទើបខ្ញុំចូលដៃវាយអំបោះឆៅរបស់ ស ជ័យ ហើយមិនអីចឹង។ ទម្ងន់ដៃគាត់ខ្ញុំគិតថាមិនជាធ្ងន់ពេកទេ ខ្ញុំអាចទ្រាំ»។
កីឡាករវ័យ២៧ឆ្នាំខាងលើបានបន្ថែមថា ការវាយអំបោះឆៅនេះរូបគេយល់ថា ងាយស្រួលវាយ និងចង់វ៉ៃបែបនេះឲ្យបានច្រើនលើកបន្ថែមទៀត បើទោះប៉ះកីឡាករល្អជាងកីឡាករ ស ជ័យ ក៏ដោយពោលគឺមិនខ្លាចឡើយ សំខាន់ឲ្យតែគ្រូដាក់ឲ្យវ៉ៃ។ គេមើលឃើញថា ខ្លួនល្អកណ្ដាប់ដៃ ហើយច្បាស់គ្រាន់បើ ដូច្នេះបើសិនបានប្រកួតបែបនេះរហូតកាន់តែល្អប្រសើរ។
គួររម្លឹកថា កីឡាកររូបនេះបានចូលហាត់ប្រដាល់ដំបូងនៅឆ្នាំ២០១៨ ជាមួយក្លិប គោព្រៃគុនខ្មែរ ប៉ុន្តែក្រោយមកក៏បានផ្ទេរទៅកាន់ក្លិប ចតុមុខកីឡា នៅឆ្នាំ២០២០។ ដោយសារជីវភាពខ្វះខាតខ្លាំងរូបគេក៏បានទៅជួយធ្វើការឪពុកម្ដាយនៅស្រុកកំណើត អស់មួយរយៈពេល ហើយកាលពីពេលថ្មីៗនេះក៏បានវិលមកកាន់ការហ្វឹកហាត់វិញ បើគិតមកដល់ពេលនេះទើបតែបានហ្វឹកហាត់វិញល្បាក់ក្បែរ២ខែប៉ុណ្ណោះ៕
សូមបញ្ចេញមតិនៅទីនេះ