ព្រហស្បតិ៍ , 23 មិថុនា 2022
អ្នកគាំទ្រ Ultra របស់ Inter Milan ប្រកាសជំហរមិនស្វាគមន៍ Lukaku
អ្នកគាំទ្រ Ultra របស់ក្លឹប Inter Milan បានបង្ហាញជំហរមិនស្វាគមន៍ខ្សែប្រយុទ្ធ Romelu Lukaku នៅពេលដែលគេត្រលប់មកកាន់អ៊ីតាលីវិញ។
Lukaku ទៅចូលរួមជាមួយ Chelsea កាលពីរដូវក្ដៅមុនក្នុងតម្លៃខ្លួន៩៧,៥លានផោន ផ្ទេរពី Interបន្ទាប់ពីចំណាយពេល២ឆ្នាំជាមួយក្លឹប។ ប៉ុន្តែគេនឹងត្រលប់មកកាន់អ៊ីតាលីវិញក្នុងរដូវក្ដៅនេះ បន្ទាប់ពីខកចិត្តជាលើកពីរជាមួយក្លឹបមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏ Chelsea។
ចេញសេចក្ដីប្រកាសលើបណ្ដាញសង្គមមុនការប្រកាសជាផ្លូវការថា Lukaku នឹងត្រលប់មកកាន់កីឡដ្ឋាន San Siro ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea អ្នកគាំទ្រ Ultra របស់ក្លឹប Inter បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តជាមួយកីឡាករសញ្ជាតិបែលហ្សិក។
ពួកគេបានលើកឡើងថា អំឡុងពេលលេងនៅ Inter អ្នកគាំទ្របានចាត់ទុក Lukaku ដូចជាស្ដេច ប៉ុន្តែពេលនេះជាកីឡាករធម្មតាដូចគេដូចឯង។ កីឡាករវ័យ២៩ឆ្នាំបានក្បត់ចិត្តរបស់អ្នកគាំទ្រកាលពីរដូវក្ដៅមុន ហើយនឹងមិនមានការស្វាគមន៍ដូចជាការលើកទង់និងគ្រវីកន្សែងបង់ករបស់ Inter ដើម្បីទទួលក្នុងការត្រលប់មកវិញឡើយ។
យ៉ាងណាមិញ អ្នកគាំទ្រនឹងផ្ដល់ការស្រលាញ់ទៅកាន់ Lukaku វិញ ប្រសិនគេចេះបន្ទាបខ្លួននិងខំប្រឹងលេងដើម្បីក្រុម។ Inter បានចំណាយត្រឹមតែ៧លានផោនប៉ុណ្ណោះក្នុងការនាំយកខ្សែប្រយុទ្ធខាងលើមកវិញ ខណៈ Lukaku យល់ព្រមកាត់បន្ថយថ្លៃពលកម្មយ៉ាងច្រើន៕
សូមបញ្ចេញមតិនៅទីនេះ