សុក្រ , 09 ធ្នូ 2022
វា-យបកគ្នាអស់ចិត្ត ក្រុមហ៊ុន Miss Earth Cambodia និង ហង្ស សុរិយាន់ ដល់វគ្គដណ្តើមគ្នាដេកកណ្តាល និយាយយកល្អរៀងខ្លួន
កម្សាន្ត៖ បន្ទាប់ពីកញ្ញាហង្ស សុរិយាន់ ផ្តល់កិច្ចសម្ភាសក្នុងកម្មវិធី V talk confession ដោយបាននិយាយពីមូលហេតុមិនអាចចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ព្រោះតែគ្មានថវិកាគ្រប់គ្រាន់ បានធ្វើឱ្យទំព័រផេក Miss Earth Cambodia ឆេះដុំចេញមកទម្លាយថា កញ្ញា ហង្ស សុរិយាន់ ជាមនុស្សមានអត្តចរិតពូកែសម្តែង ហើយក្រុមហ៊ុនខាតលុយរាប់ពាន់ដុល្លារដោយសារនាង។
គេចាំបានថា កញ្ញា ហង្ស សុរិយាន់ ជាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2022 ព្រមទាំងទទួលបានតំណែងជា Miss Earth Cambodia នឹងមានតួនាទីចេញទៅប្រកួតលើឆាកអន្តរជាតិ។ ទោះយ៉ាងណា កញ្ញា ហង្ស សុរិយាន់ បានសម្រេចចិត្តមិនទៅប្រកួតវិញ ដោយបានលើកឡើងថា មានបញ្ហាសុខភាព ព្រមទាំងសម្រេចចិត្តលាលែងតំណែងជាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2022 ផងដែរ។
ទន្ទឹមនឹងការលាលែងតំណែង និងមានបញ្ហាសុខភាពខាងលើមិនអាចទៅប្រកួត លើឆាកអន្តរជាតិបាន រឿងនេះក៏មានពាក្យចចាមអារ៉ាមថា ការទៅប្រកួតនៅក្រៅប្រទេសគឺបវរកញ្ញាត្រូវរាប់រងដោយខ្លួនឯងទាំងស្រុង ខណៈរឿងនេះខាងក្រុមហ៊ុនក៏បានបដិសេធផងដែរ។
អ្វីដែលកាន់តែក្តៅគគុកនាពេលនេះ ខាងទំព័រផេក Miss Earth Cambodia អត់ទ្រាំមិនបានចេញមកពន្លះកញ្ញា ហង្ស សុរិយាន់ ថាជាមនុស្សមានអត្តចរិត ពូកែសម្តែង បន្ទាប់ពីនាងបានចូលរួមផ្តល់បទសម្ភាសក្នុងកម្មវិធី V talk confession ទាក់ទងនឹងបញ្ហាអក់ខានចេញទៅប្រកួត។
ការផ្តល់កិច្ចសម្ភាសក្នុងកម្មវិធីខាងលើ អតីតលំដាប់រងទី១ខាងលើនេះ បានរៀបរាប់ថា ខាងក្រុមហ៊ុនបានជួយចេញច្រើនទាក់ទងទៅនឹងការចេញទៅប្រកួត នឹងតម្រូវឱ្យខ្លួនឯងចំណាយលុយខ្លួនឯងតិចតួចខ្លះដែរ ប៉ុន្តែដោយសារតែលុយ ចេញតិចតួចនោះនាងគ្មានសមត្ថភាព ព្រោះខ្លួនធ្លាប់ចេញទៅប្រកួតក្រៅប្រទេស ២ដងហើយ ទើបនាងគ្មានលុយ ហើយតម្រូវការចូលរួមកម្មវិធី Miss Earth International មានច្រើនទើបអក់ខានតែម្តង។
អត្ថន័យទាំងមូលខាងក្រុមហ៊ុនបានឱ្យដឹងថា«ខាងក្រុមហ៊ុនចេញអោយទាំងអស់ហើយថែមទាំងអោយលុយគាត់ចាយថែមទៀតតែបែរគាត់មកនិយាយបែបនេះទៅវិញ។ បើដឹងការពិតបានដឹង អ្នកណាក៏ដឹងថាចរិកគាត់យ៉ាងណាដែរ !គាត់ពូសម្ដែងមែន សូមសរសើរ !ក្រុមហ៊ុនតាមអង្វរគាត់ត្រុកៗគាត់ ពង្វក់ក្រុមហ៊ុនណាស់ ក្រុមហ៊ុនខាតបង់លុយរាប់ពាន់ដុល្លារដោយសារគាត់»។
ទោះយ៉ាងណា ការលើកឡើងរបស់ផេក Miss Earth Cambodia ខាងលើនេះ ក៏ត្រូវអ្នកប្រើលេងបណ្តាញសង្គមរិះគន់ទៅវិញ ដោយបានលើកឡើងថា កញ្ញា ហង្ស សុរិយាន់ មិនបាននិយាយអ្វីប៉ះពាល់ទៅដល់ក្រុមហ៊ុនទេ ប៉ុន្តែបែរជាអ្នកកាន់ផេកមានអត្តចរិតមិនសមបែបនេះទៅវិញ៕
សូមបញ្ចេញមតិនៅទីនេះ