ច័ន្ទ , 12 ធ្នូ 2022
ឈិន ឈឿន រហស្សនាមថា ឆាលី ១២៥CC ប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ ក្រោយចាយពេលជាង១០ឆ្នាំ ក្នុងអាជីពមួយនេះ
(បាល់ទាត់)៖ នៅរសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ខ្សែការពារជើងចាស់ ឈិន ឈឿន ប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ ក្នុងវ័យ៣០ឆ្នាំ បន្ទាប់ពីជួយក្លិប Tiffy Army FC អស់រយៈពេលប្រមាណជាង១៣ឆ្នាំ។
ក្លិបបាល់ទាត់ Tiffy Army FC បានប្រកាសថា៖« ថ្នាក់ដឹកនាំ មន្ត្រី កីឡាករទាំងអស់ របស់សមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ សូមអរគុណជាពិសេសទៅកាន់កីឡាករ ឈិន ឈឿន បន្ទាប់ពីសម្រេចចិត្តចូលនិវត្តន៍ ពីអាជីពជាកីឡាករបាល់ទាត់ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីប្រកបមុខរបរផ្ទាល់ខ្លួន។ ឈិន ឈឿន បានរួមរស់ និងជួយយើងអស់រយៈពេល ប្រមាណជាង១៣ ឆ្នាំមកហើយ ព្រមទាំងបង្កើតបានស្នាដៃជាច្រើន ជាពិសេសចូលរួមជាមួយយើងក្នុងការលើកពានរង្វាន់ Hun Sen Cup កាលពីរដូវកាលមុនៗ ជាច្រើនលើក។ តាំងនាមថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក កីឡាករទាំងអស់ ពិតជាចង់ចាំមិនភ្លេចនូវស្នាដៃ ក៍ដូចជាអនុស្សាវរីយ៍ ជាច្រើនកន្លងមក និងសូមជូនពរ ដល់ ឈិន ឈឿន ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យលើអាជីវកម្ម មុខរបរថ្មី នេះ។ សូមអរគុណ»។
ជាមួយគ្នានេះ ឈិន ឈាន បាននិយាយថា៖« អនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ដែលដិតដាមក្នុងខួរក្បាលរបស់ខ្ញុំ។ ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ពុកម៉ែបងប្អូនក្មួយៗទាំងអស់ ដែលតែងតែស្រឡាញ់គាំទ្រខ្ញុំកន្លងមក។ ភាពជោគជ័យដ៏ធំនៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ក៏មានចំណែករបស់ពុកម៉ែបងប្អូនក្មួយៗ ដែលស្រលាញ់គាំទ្រលើកទឹកចិត្ត» ។
គួររម្លឹកថា ឈិន ឈឿន ធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពីឈុត U22, U23 ខណ:រូបគេ ជាប់ឈុតធំនៅឆ្នាំ ២០១១ ដោយបង្ហាញខ្លួនសរុប១៩លើក ស៊ុតបញ្ចូលទីបាន ២គ្រាប់។ ឈិន ឈឿន ត្រូវបានគេស្គាល់ថា ជាកីឡាករម្នាក់ដែលមានល្បឿនលឿន ដែលមានរហស្សនាមថា ឆាលី ១២៥CC បូករួមការខិតខំប្រឹងប្រែងខ្ពស់ ព្រមទាំងមានការគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ កំឡុងពេលជាកីឡាករអាជីព និងជាគំរូដ៏ល្អមួយ សម្រាប់កីឡាករដ៏ទៃទៀតដើរតាមគន្លងដ៏ល្អរបស់រូបគេផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ