ព្រហស្បតិ៍ , 15 ធ្នូ 2022
លោក អ៊ិន សុភិន ថាកម្មវិធី Miss Grand Cambodia ល្បីហើយ សុំធ្វើ កម្មវិធីបវរកញ្ញាផ្សេងឱ្យល្បីម្តង
កម្សាន្ត៖ អ្នកគាំទ្រវិស័យបវរកញ្ញា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោក អ៊ិន សុភិន អ្នករៀបចំកម្មវិធី Miss Grand Cambodia សម្រេចចិត្តមិនរៀបចំកម្មវិធីនេះក្នុងឆ្នាំ ២០២៣ ដោយលោកបានលើកឡើងថា លោកចង់សម្រាកពុំមានហេតុផលផ្សេងទេ ហើយចង់ធ្វើឱ្យកម្មវិធីបវរកញ្ញាផ្សេងល្បីម្តង ព្រោះកម្មវិធី Miss Grand Cambodia ល្បីលើសសលុបហើយ។
រយៈពេល៣ឆ្នាំដែលកម្មវិធី បវរកញ្ញាឯកដ៏អស្ចារ្យកម្ពុជា ឬ Miss Grand Cambodia ដែលលោកអ៊ិន សុភិន ទទួលសិទិ្ធរៀបចំកម្មវិធីនេះលើដឹកដីកម្ពុជា។ ក្នុងរយៈពេលដែលលោក កាន់កាប់នេះមានទាំងការសរសើរ និងមានទាំងការរិះគន់ យ៉ាងខ្លាំងក្លាពីមហាជន ប៉ុន្តែបវរកញ្ញាទាំង៣ជំនាន់សុទ្ធតែចូល Top នៅលើឆាកអន្តរជាតិ ហើយបវរកញ្ញាទៀតសោត មហាជនបានស្គាល់ទូលំទូលាយ។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ ផ្ទុះពាក្យចចាមអារ៉ាមថា លោក អ៊ិន សុភិន សម្រេចចិត្តមិនធ្វើកម្មវិធីខាងលើនេះបន្តទៀតក្នុងឆ្នាំ២០២៣ ឡើយ ខណៈលោកក៏បានបង្ហោះសារនៅលើបណ្តាញសង្គមថា លោកពិតជាឈប់ធ្វើកម្មវិធី Miss Grand Cambodia ពិតមែន ដោយសារចង់សម្រាកពីកម្មវិធីនេះ ពុំមានហេតុផលផ្សេងឡើយ។
ជាមួយគ្នានេះដែរ ថៅកែមហាហង្ស បានឆ្លើយតបមកកាន់ Lee News ថា រយៈពេលដែលលោកធ្វើកម្មវិធី Miss Grand Cambodia មិនមានផលចំណេញអ្វីនោះទេ គ្រាន់តែចង់លើកស្ទួយវិស័យបវរកញ្ញាកម្ពុជា ឱ្យមានការទទួលស្គាល់ច្រើន ខណៈកន្លងមកអ្វីដែលលោកបានដាក់គោលដៅ គឺពិតជាបានផល ដោយ៣ជំនាន់នៅក្នុងកម្មវិធី សុទ្ធតែចូល Top លើឆាកអន្តរជាតិទាំងអស់ ធ្វើឱ្យសប្បាយចិត្តយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ។
លោក អ៊ិន សុភិន បន្តថា ការសម្រេចចិត្តមិនបន្តកុងត្រាធ្វើកម្មវិធី Miss Grand Cambodia បន្តទៀតដោយសារលោកហត់ពេក ត្រូវការពេលសម្រាក ណាមួយ លោកមានការងារច្រើនផ្សេងទៀតត្រូវធ្វើ ដែលការឈប់នេះ មិនមានហេតុផលណា ផ្សេងឬមានការជំរុញពីខាងណានោះទេ។
ថៅកែមហាហង្ស បន្តថា កម្មវិធី Miss Grand ល្បីលើសលុបហើយ លោកចង់ឱ្យកម្មវិធីផ្សេងល្បីម្តង ទោះលោកសម្រេចចិត្តឈប់ធ្វើកម្មវិធីនេះក្តី ប៉ុន្តែកម្មវិធីផ្សេងលោកនៅរៀបចំដដែល តួយ៉ាងដូចជាកម្មវិធី Miss & Mister Supranational Cambodia នៅបន្តដដែល ដើម្បីដើរលើចក្ចុវិស័យលើក ស្ទួយវប្បធម៌ ទំនៀមទម្លាប់ខ្មែរឱ្យបានច្រើន ខណៈលោកបានលើកឡើងថា កម្មវិធីបវរកញ្ញាឯកដ៏អស្ចារ្យកម្ពុជាមានលក្ខណៈកម្សាន្តច្រើន ផ្ទុយពីគោលដៅដែល លោកចង់បាន៕
សូមបញ្ចេញមតិនៅទីនេះ