ច័ន្ទ , 19 ធ្នូ 2022
មកស្តាប់ អេលីត សាន់ ប្រាប់ពីយុទ្ធសាស្ត្រដ៏អស្ចារ្យ ក្នុងការផ្ដួលថៃឱ្យសន្លប់ឈរ
អ្នកប្រដាល់ដែលអ្នកគាំទ្រដាក់រហ័សនាម គីងគុងពិឃាត អេលីត សាន់ បានផ្តួលកីឡាករថៃ ភិតណាមអេក ឲ្យសន្លប់ឈរ ដោយប្រើកណ្តាប់ដៃ ត្រឹមទឹកទី៣ នាំយកទឹកប្រាក់១លានរៀលត្រឡប់ទៅផ្ទះបន្ថែមពីលើតម្លៃខ្លួន ពីកម្មវិធីប្រដាល់ «Ganzberg One Strike» នាថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅស្ថានីយទូរទស្សន៍ PNN ។

ក្រោយបញ្ចប់ការប្រកួតអ្នកប្រដាល់ គុនខ្មែរ ដែលមកពីក្លឹបនាយកដ្ឋានអង្គរក្ស បានឲ្យដឹងថា «បាទបងដំបូង ទឹក១ នឹងទឹក២ ខ្ញុំគិតថា កម្លាំងគាត់ខ្លាំងជាងខ្ញុំ ទើបខ្ញុំប្រើយុទ្ធសាស្រ្ត ធ្វើអោយគាត់ខឹង រួចស្ទាបស្ទង់ពីបច្ចេកទេសគាត់ ថាគាត់ល្អអី ធ្ងន់អី» ។ អ្នកប្រដាល់វ័យ២២ឆ្នាំរូបនេះ បានឲ្យដឹងទៀតថា « ចំណុចដែលខ្ញុំចាប់បានលើក្បាច់គាត់ គឺជង្គង់ នឹងការទាត់ដោយសារ កីឡាករគាត់រឹង ការចាប់ និង ទាត់ ។ សម្រាប់ខ្ញុំគិតថា សមត្ថភាពគាត់នៅតែល្អ បើទោះបីជាខានជួបគ្នាជាង២ឆ្នាំយ៉ាងណាក្តី ប៉ុន្តែធ្វើមិចបើលើកនេះគាត់ប្រហែស»។
អេលីតសាន់ បញ្ជាក់ថា ការផ្តួលដៃគូខាងលើឲ្យសន្លប់ត្រឹមទឹកទី៣នេះ ដោយសារការបញ្ជោតធាក់ ហើយនៅពេលកីឡាករថៃលូកដៃចាប់ជើង ក៏ចំហខាងលើ ទើបរូបគេមានឱកាសប្រើកណ្ដាប់ដៃផ្តាច់តែម្តង ។ ក្រោយទទួលបានជោគជ័យជើងខ្លាំងក្នុងប្រភេទទម្ងន់៦០គីឡូក្រាមបានធ្វើអរគុណដល់ពុកម៉ែបងប្អូន ដែលតែងតែគាំទ្រ នឹងលើកទឹកចិត្តរបសដល់រូបគេ ទាំងតាមទូរទស្សន៍ ជាពិសេសអ្នកមកចូលរួមគាំទ្រផ្ទាល់នៅកន្លែងប្រកួត ។
សូមបញ្ជាក់ផងដែលថា សម្រាប់ការប្រកួតរវាងកីឡាករ អេលីត សាន់ ជាមួយអ្នកប្រដាល់ឆ្លងដែន មកពីប្រទេសថៃ ភិតណាមអេក គឺជាការប្រកួតដោយពាក់ហ្គង់ ចេញម្រាម MMA ប្រកួត៥ទឹក ក្នុង១ទឹករយៈពេល៣នាទី៕
សូមបញ្ចេញមតិនៅទីនេះ