អង្គារ , 20 ធ្នូ 2022
នេះជាមូលហេតុ សាន សុម៉ាលី សម្រេចយកបុ្រសក្មេងជាដៃគូនឹងទទួលបានកូនស្រីម្នាក់ ជាចំណងដៃ
កម្សាន្ត៖ ក្រោយទទួលបានចំណងដៃកូនស្រីម្នាក់មានវ័យប្រមាណជាងមួយឆ្នាំ តារាសម្តែងនិយមលេងខ្លួនសិចស៊ី សាន សុម៉ាលី ចាប់ផ្តើមទម្លាយមុខមាត់គូស្នេហ៍ជាសាធារណៈនឹងបានបញ្ជាក់ពីមូលហេតុ ដែលនាងបានសម្រេចយកដៃគូបុរសមានអាយុតិចជាងខ្លួនច្រើនឆ្នាំ ។
ជឿជាក់ថា អ្នកគាំទ្រប្រាកដស្គាល់តារាសម្តែង សាន សុម៉ាលី ព្រោះនាងធ្លាប់ជាតួឯកដ៏ល្បីនៅក្នុងរឿង«កាកី»កាលពីជាង ១០ឆ្នាំមុន ។ នាងក៏ជាតារាស្រីដែលមានឈ្មោះបោះសំឡេង រីឯរូបសម្រស់នឹងការតុបតែងខ្លួន ក៏សិចស៊ីនឹង ទាក់ទាញមិនធម្មតាឡើយ។ ជារឿយៗតារាស្រីរូបនេះតែងលេចឮរឿងរ៉ាវស្នេហាជាបន្តបន្ទាប់ដោយមានការលើកឡើងថា សាន សុម៉ាលី ស្រឡាញ់និងចូលចិត្តតែ ប្រុសក្មេងៗប៉ុណ្ណាះ។
តែអ្វីដែលចាប់អារម្មណ៍ស្របពេលបាត់មុខពីអាជីពសិល្បៈ ជាច្រើនឆ្នាំ ស្រាប់តែ សាន សុម៉ាលី បានបង្ហាញមុខកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ដោយបញ្ជាក់ថា ជាកូនស្រីរបស់នាងថែមទៀត។ រូបភាពនេះធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រមួយចំនួនមានការស្រឡាំងកាំង ព្រោះកន្លងមកគេមិនដែលឃើញតារាសម្តែងរូបនេះ រៀបការម្តងណាឡើយ។ក្នុងនោះក៏មានការចង់ដឹងថា តើគូស្នេហ៍របស់ សាន សុម៉ាលី ជានរណា? ព្រោះពេលកន្លងមកគេច្រើនបានឃើញនាងទៅណាមកណាជាមួយបុរសក្មេងៗជាច្រើនរូប។
ស្រាប់តែកាលពីថ្មីៗកន្លងទៅនេះ សាន សុម៉ាលី បានរៀបចំពិធីខួបកំណើតកូនស្រី គម្រប់អាយុមួយឆ្នាំដែលមានឈ្មោះថា ប្រសើរ ជូលីណា យ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុង និងក្រៅសិល្បៈជាច្រើន តែនាងមិនបានបង្ហើបអត្តសញ្ញាណគូស្នេហ៍ជាចំហឡើយ ហើយថ្មីៗនេះតាមរយៈការសម្ភាសមួយ សាន សុម៉ាលី បានទទួលស្គាល់ថា នាងពិតជាមានគូស្នេហ៍នឹងបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ ដែលបុរសម្នាក់នោះមានវ័យក្មេងជាខ្លួនថែមទៀតផង។សាន សុម៉ាលី បានលើកឡើងចំៗថា មូលហេតុនាងស្រឡាញ់នឹង ជ្រើសរើសបុរសអាយុតិចជាខ្លួនជាមិត្ត១០០ឆ្នាំ ដោយសារតែប្រុសក្មេងឆាប់យល់ចិត្តហើយចរិកក៏ដូចគ្នាទៅណាមកណាស៊ីសង្វាក់គ្នា ។ ម្យ៉ាងនាងក៏ចូលចិត្ត ប្រុសក្មេងជាងប្រុសចាស់ផងដែរ ។
សាន សុម៉ាលី បានឱ្យដឹងទៀតថា ទោះជាមានកូនជាចំណងដៃក៏ពិតមែន តែនាងមិនទាន់មានបំណងរៀបការនោះទេ គឺចង់យកពេលវេលារកប្រាក់សិន ។ គូស្នេហ៍ សាន សុម៉ាលី ត្រូវបានគេស្គាល់ថាជាបុរសវ័យក្មេងម្នាក់ដែលមានរូបសម្បត្តិស្រស់សង្ហា ហើយក៏ជាអ្នកសិល្បៈផងដែរ តែ បច្ចុប្បន្នលោកបានបញ្ចប់ការងារនេះ ដោយងាកទៅរកការងាររកស៊ីវិញ។
ស្របពេលតារាស្រករក្រោយរីកដុះដាលជាបន្តបន្ទាប់អាជីពសិល្បៈ សាន សុម៉ាលី ហាក់នៅទ្រឹង តែយ៉ាងណា តារាស្រីរូបនេះនៅតែស្រឡាញ់អាជីពសម្តែងដោយបានបញ្ជាក់ថានាងនៅតែទទួលសម្តែងមិនថាក្នុងតំណែងជាតួម្តាយឬតួយាយក៏ដោយ ៕
សូមបញ្ចេញមតិនៅទីនេះ