អង្គារ , 20 ធ្នូ 2022
តោះមកដឹងពីកំណត់ត្រាធំៗរបស់ Messi ក្រោយជួយអាហ្សង់ទីន លើកពាន World Cup
(បាល់ទាត់)៖ ខ្សែប្រយុទ្ធរបស់ PSG កីឡាករ Lionel Messi បានជួយក្រុមជម្រើសជាតិអាហ្សង់ទីន លើកពាន World Cup ២០២២ ក្រោយយកឈ្នះ ក្រុមជម្រើសជាតិបារាំង ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី បន្ទាប់ពីប្រកួត១២០នាទី ស្មើគ្នា ៣-៣។
Lionel Messi បានឈ្នះពានរង្វាន់បាល់មាសពិភពលោក ឆ្នាំ 2022 ដោយស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តិរួមក្រុមស៊ុតចំនួន៣គ្រាប់។ មិនតែប៉ុណ្ណោះ ម្ចាស់ពាន Balon Dór 7 សម័យកាលរូបនេះ បានឈ្នះពានកីឡាករល្អប្រចាំការប្រកួត(Man of the Match) ចំនួន៥ដងផងដែរ រួមទាំងបំបែកកំណត់ត្រាជាច្រើនក្នុងប្រវត្តិសាស្រ្ត World Cup។
ខាងក្រោមនេះ ជាកំណត់ត្រាធំៗដែល Messi ធ្វើបាននៅ World Cup 2022 ៖
១. Messi ក្លាយជាកីឡាករ បង្ហាញខ្លួនច្រើនប្រកួតជាងគេ នៅ World Cup ដោយមានរហូតដល់ ២៦ប្រកួត វ៉ាដាច់កីឡាករអាល្លឺម៉ង់ Lothar Matthäus បង្ហាញខ្លួនសរុប ២៥ប្រកួត
២. Messi បានវ៉ាដាច់ Rafa Marquez ដើម្បីក្លាយជាកីឡាករ ដែលមានវត្តមានក្នុង World Cup ច្រើនជាងគេ ក្នុងនាមជាប្រធានក្រុម។
៣. Messi ជាកីឡាករចំណាស់បំផុត ស្ថិតក្នុងវ័យ៣៥ឆ្នាំ ដែលអាចស៊ុតបញ្ចូលទីបានមួយគ្រាប់ និង Assist ក្នុងវគ្គចាញ់ធ្លាក់ក្នុងព្រឹត្តិការណ៍ World Cup ២០២២ ដែលពុំធ្លាប់មានកីឡាកររូបណាធ្វើបាន។
៤. Messi ជាកីឡាកររួមចំណែកគ្រាប់បាល់ច្រើនបំផុត ក្នុងការប្រកួត World Cup ពោលគឺ 21 គ្រាប់ (ស៊ុត 13 គ្រាប់ និង 8 assists ក្នុងព្រឹត្តិការណ៍ World Cup ចំនួន៥លើក)
៥. Messi គឺជាកីឡាករតែម្នាក់គត់ ដែលឈ្នះបាល់មាសចំនួនពីរលើក (អ្នកលេងល្អបំផុតនៃការប្រកួតប្រចាំព្រឹត្តិការណ៍) ពោលគឺក្នុងឆ្នាំ 2014 និង 2022
៦. ជាកីឡាករចំណាស់ជាងគេ ដែលស៊ុតបញ្ចូលទីបាន 7 គ្រាប់នៅ World Cup នៅអាយុ 35 ឆ្នាំ។
៧ Messi ស្ថិតក្នុងចំណោមកីឡាករទាំងប្រាំនាក់ក្នុងប្រវត្តិសាស្ត្រ ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup រួមមាន Cristiano Ronaldo, Lothar Matthaus, Rafael Marquez និង Antonio Carbajal
៨ Messi ជាកីឡាករ រកគ្រាប់បាល់ច្រើនបំផុតនៅ World Cup សម្រាប់ជម្រើសជាតិ អាហ្សង់ទីន 13 គ្រាប់
៩ Messi ជាកីឡាករដំបូងគេ ដែលស៊ុតបញ្ចូលទីគ្រប់វគ្គ ពោលក្នុងវគ្គចែកពូល វគ្គ 16ក្រុម វគ្គ ៨ក្រុម វគ្គពាក់កណ្ដាល់ផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួត World Cup តែមួយព្រឹត្តិការណ៍៕
សូមបញ្ចេញមតិនៅទីនេះ