អង្គារ , 27 ធ្នូ 2022
រិទ្ធ ប៊ុនម៉ៅ បង្ហើយសុំការឧបត្ថម្ភ ព្រោះការចាយវាយអំឡុងសម្រាកនៅមន្ទីរពេទ្យអស់ច្រើន
រិទ្ធ ប៊ុនម៉ៅ បានរងរបួសប៉ះពាល់ដល់សួត ក្នុងជំនួបទល់កីឡាករថៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅសង្វៀន បាយ័ន ខណៈពេលនេះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យលោកសង្ឃ។
បើតាមការឲ្យដឹងពីកីឡាករផ្ទាល់បានប្រាប់មកកាន់ Lee News ថា របួសនេះគឺប៉ះពាល់ដល់សួត ព្រោះកីឡាករថៃបានថែមមួយជង្គង់ចំឆ្អឹងជំនី ហើយវាបានប៉ះពាល់ដល់សួត ពោលគឺចូលខ្យល់ និងចូលឈាម។ សម្រាប់ការព្យាបាលរូបគេបានទទួលដំណឹងថា ខាងស្ថានីយ បាយ័ន បានជួយចេញទាំងស្រុង ប៉ុន្តែសម្រាប់ការចាយវាយប្រចាំថ្ងៃត្រូវចេញខ្លួនឯង ហើយការសម្រាកនៅពេទ្យត្រូវចាយវាយអស់ច្រើន ណាមួយជីវភាពរបស់គេក្រខ្សត់ផង ទើបចង់ឲ្យបងប្អូនអ្នកគាំទ្រជួយក្រែងបានខ្លះ ហើយបើសិនចង់ជួយអាចទាក់ទងមកលេខទូរសព្ទដៃ គេផ្ទាល់ដែលមានលេខ ០១៦ ៤៤៥៩០១ ។
យ៉ាងណាគេក៏សូមអរគុណដល់បងប្អូនដែលបានជួយជាថវិកាខ្លះមករួចហើយ និងពិសេសខាងស្ថានីយបាយ័ន ដែលបានជួយចេញថ្លៃព្យាបាលខាងលើ។ សម្រាប់ស្ថានភាពជំងឺវិញ ប៊ុនម៉ៅ នៅមិនទាន់ដឹងច្បាស់នៅឡើយ ព្រោះគ្រូពេទ្យនៅតាមដានបន្តទៀត។
ជាមួយគ្នាលោក នាង ស៊ីវុត្ថា អ្នកផ្គូផ្គងរបស់ស្ថានីយទូរទស្សន៍បាយ័នក៏បានប្រាប់មកកាន់ Lee News ឲ្យដឹងដែរថា ស្ថានីយតែងជួយទាំងស្រុងដល់កីឡាករដែលបានរងរបួស អំឡុងប្រកួតនៅស្ថានីយមួយនេះ។ ជាមួយគ្នានោះកីឡាករ រិទ្ធ ប៊ុនម៉ៅ ក៏នឹងជួយដូចគ្នា ហើយការជួយនេះមិនបានកំណត់ថា ចំនួនប៉ុន្មានទេ គឺត្រូវមើលស្ថានភាពជាក់ស្ដែង តែជារួមគឺជួយចេញថ្លៃព្យាបាលទាំងស្រុងតែម្ដង។
គួររម្លឹកថា នៅកម្ពុជាបច្ចុប្បន្នមានស្ថានីយទូរទស្សន៍ចំនួន២ហើយ ដែលជួយចេញថ្លៃព្យាបាលរបួសកីឡាករទាំងស្រុង ក្នុងករណីដែលកីឡាករប្រកួតមានគ្រោះថ្នាក់ជាយថាហេតុគឺ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក និង ស្ថានីយទូរទស្សន៍ បាយ័ន ៕
សូមបញ្ចេញមតិនៅទីនេះ