ព្រហស្បតិ៍ , 29 ធ្នូ 2022
សិស្សប្អូន ប៊ួខាវ បោះពាក្យដាក់ ព្រំ សំណាង មានក្បាច់អីចេញឲ្យអស់ ព្រំ សំណាង ថា បើអ្នកចាញ់ សូមឱ្យសិស្សប្អូន និងសិស្សច្បង មកសងសឹកផង
ព្រំ សំណាង នឹងប៉ះជើងខ្លាំងពិតប្រាកដ ដែលជាកីឡាកររបស់ក្លិប Banchamek គឺកីឡាករ Sammy Banchamek ក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តត្បូងឃ្មុំ ក្នុងកម្មវិធី គ្រុឌគុនខ្មែរ ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា ទទក ។
ក្នុងជំនួបនោះកីឡាករថៃ Sammy បានប្រាប់ទៅកាន់កីឡាករកម្ពុជា ព្រំ សំណាង ថា « ព្រំ សំណាង ខ្ញុំបាទ Sammy Banchamek បានមកដល់កម្ពុជាហើយជួបគ្នាថ្ងៃទី៣១ មានអីបញ្ចេញឲ្យអស់មក មិនបាច់លាក់ទេ...»។ ស្រាប់តែកីឡាករ ព្រំ សំណាង បានតបវិញថា « ...បងពេទ្យ បងពេទ្យត្រៀម បើមិនគេគឺយើងហើយ»។
ក្រោយការឆ្លងឆ្លើយបែបនេះកីឡាករកម្ពុជា សិស្សរបស់លោក ជួន សំណាង បានលើកឡើងកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២២ នេះទៀតថា « បើសិនជាអ្នកឈ្នះខ្ញុំ ខ្ញុំនឹងរីករាយសប្បាយចិត្តនៅការប្រកួតមួយនេះ។ តែបើអ្នកចាញ់ខ្ញុំសូមឲ្យសិស្សប្អូន សិស្សច្បងមកជួយសងសឹកផង»។
គួររម្លឹកថា កីឡាករថៃ Sammy Banchamek មកប្រកួតនៅខ្មែរជាលើកទី១ ខណៈកីឡាកររូបនេះជាជើងខ្លាំងមួយរូប ដែលហ្វឹកហាត់ជុំគ្នាជាមួយស្ដេចប្រដាល់ថៃ ប៊ូខាវ ក្នុងក្លិប Banchamek ហើយក្នុងរចនាសម្ព័ន្ធរបស់ក្លិបនេះគេបានចែងថា ប៊ូខាវ ជាកំពូលកីឡាករប្រចាំក្លិប ដែលមានគ្រូបង្វឹក៦រូបគឺមានលោក Seiji Shinoda , លោក Somsap Musikawong , លោក Ramadol Kijsomcheep , លោក Promret Musikawong , លោក Direk Thongnoon និងលោក Surachai Kanram ៕
សូមបញ្ចេញមតិនៅទីនេះ