សៅរ៍ , 31 ធ្នូ 2022
ម៉ុង ម៉ានុត ស្ទើរមិនជឿថាខ្លួនអាចបំបែ.កកំណត់ត្រាជាច្រើន
កម្សាន្ត៖ ប្អូនប្រុសតារាចម្រៀងល្បីឈ្មោះ ម៉ានិត និងត្រូវជាចៅប្រុសអ្នកស្រី ពាន់ ភួងបុផ្ផា លោក ម៉ុង ម៉ានុត កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ បន្ទាប់ពីផ្ទុះកក្រើកតាមរយៈបទចម្រៀងមានចំណងជើងថា «ខ្ញុំពូកែពេកហើយ» ដែលបានចេញកាលពីខែកុម្ភៈ កន្លងទៅនេះមានអ្នកទស្សនារហូតខ្ទង់លានដង ខណៈ បទ cover មួយបទមានចំណងជើងថា «ខ្វល់ពីខ្ញុំខ្លះបានទេ?» ក៏ផ្ទុះកក្រើកមិនធម្មតា ដែលអាចបំបែកកំណត់ត្រាជាច្រើនសម្រាប់រូបលោកផ្ទាល់។
ពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន ហេតុតែមានឈាមជ័រសិល្បៈបានជំរុញ ឱ្យលោក ម៉ុង ម៉ានុត ដែលទើបបោះជំហានចូលអាជីពសិល្បៈប្រមាណ២ឆ្នាំ ទទួលបានលទ្ធផលផ្លែផ្កានឹកស្មានមិនដល់ រីកចម្រើនទាំងការងារសិល្បៈ និងជាអ្នកនិពន្ធវ័យក្មេងមួយរូបសាងស្នាដៃលើសៀវភៅប្រលោមលោកល្បីៗជាច្រើន។
ផ្តល់បទសម្ភាសមកកាន់ Lee News តារាចម្រៀងរូបនេះបានឱ្យដឹងថា លោកពិតជាមានអារម្មណ៍រំភើបចិត្តនឹកស្មានមិនដល់ទាល់តែសោះ ថាទទួលបានការគាំទ្រខ្លាំងយ៉ាងនេះចំពោះបទចម្រៀងមួយបទមានចំណងជើងថា «ខ្ញុំពូកែពេកហើយ» មានអ្នកទស្សនាដល់១លានដង ហើយនេះជាតួលេខធំបំផុតក្នុងចំណោមបទចម្រៀងរបស់លោក។
តារាចម្រៀងខាងលើបានឱ្យដឹងទៀតថា បទខាងលើនេះបានចំណាយពេល១ឆ្នាំក្នុងការផលិតអំឡុងពេលបិទខ្ទប់ និងបានចេញជាផ្លូវការក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួនកាលពីខែកុម្ភៈ ហើយលទ្ធផលដែលទទួលបានពិតជាភ្ញាក់ផ្អើលមែនទែនព្រោះទទួលបានការគាំទ្រលើសពីការរំពឹងទុករបស់លោក។ ស្របពេលបទចម្រៀងខាងលើទទួលបានលទ្ធផល១លានដង លោក ម៉ានុត បានផ្តល់កាដូជូន អ្នកគាំទ្រនូវបទចម្រៀងមួយបទទៀតមានចំណងជើងថា «ដើម្បីអី?» ដែលបានចេញកាលពីថ្ងៃទី២៨ ខែធ្នូ ដែលឆ្លុះបញ្ចាំងពីលោកផ្ទាល់តែម្តង គឺនិពន្ធឡើង ពេលកំពុងខូចចិត្ត និងបានកែលម្អ រៀបរៀងឡើងដោយចំណាយរយៈពេល៨ថ្ងៃចេញជាផ្លូវការតែម្តង ទាំងសាច់រឿងរបស់ MV ក៏លោកសរសេរហើយដែរ ប៉ុន្តែការសម្រេចថតMVបទនេះពេលណាលោកពុំទាន់ដឹងច្បាស់ទេគឺអាចនៅពេលមានដើមទុន។
ចំណុចមួយធ្វើឱ្យលោកភ្ញាក់ផ្អើលជាបន្តទៀតនោះ បន្ទាប់ពីទម្លាក់បទ «ដើម្បីអី?» បទនេះបានជាប់ Trending នៅលើយូធូបផងដែរ។ ក្នុងនោះ លោក ម៉ានុត បានបង្ហាញអារម្មណ៍ហួសចិត្តមួយទៀតគឺបទចម្រៀង «ខ្វល់ពីខ្ញុំខ្លះបានទេ?» ដែលលោកបាន Cover ពីបទបរទេស ដោយធ្វើលេងៗ ប៉ុន្តែទទួលបានការគាំទ្រយ៉ាងខ្លាំងហើយក៏ជាលើកទី១សម្រាប់លោកដែរ គ្រាន់តែបើក TikTok ភ្លាមឃើញគេលេងបទនេះព្រោងព្រាតតែម្តង។
ការទទួលបានលទ្ធផលខុសពីការរំពឹងទុកជាច្រើនដងនេះហើយ ទើបធ្វើឱ្យលោកអាចបំបែកកំណត់ត្រាខ្លួនឯងជាច្រើនដង ហើយសម្រាប់ឆ្នាំ២០២៣ លោកនឹងមានអ្វីដែលថ្មីៗបន្ថែមទៀតជូនមហាជន។
គួរបញ្ជាក់ផងដែរថា ម៉ុង ម៉ានុត បានទម្លាក់បទដំបូងរបស់ខ្លួនមានចំណងជើងថា «លំហ» កាលពីខែសីហា ឆ្នាំ២០២១ ដោយកាលពីនៅតូចលោកផ្ទាល់ជាអ្នកបកស្រាយបទចម្រៀង «លោកពូ» ក្នុងរឿង «កុមារី២៥ឆ្នាំ» ដោយបច្ចុប្បន្នលោកជាអ្នកនិពន្ធម្នាក់ និងជាតារាចម្រៀង ដូចជាបងប្រុសផ្ទាល់គឺ លោក ម៉ានិត៕
សូមបញ្ចេញមតិនៅទីនេះ