ច័ន្ទ , 02 មករា 2023
ចូលចិត្តការតែងខ្លួនបែប សិច-ស៊ី តែស្រីស្អាត ចាន់ ស្រីខួច បដិសេធមិនទទួលថតស្នេហាស្រើប-ស្រាល
កម្សាន្ត៖ ដោយសារតែរូបសម្រស់អំណោយផលពីធម្មជាតិទើបធ្វើឱ្យតារាសម្ដែងវ័យក្មេង ចាន់ ស្រីខួច និយមចូលចិត្តលេងស្ទីលតុបតែងខ្លួនបែបសិចស៊ីបញ្ចេញរូបរាង ស្រឡូនស្អាតឃើញហើយពិតជាគួរឱ្យក្នាញ់តែម្តង ។ ប៉ុន្តែយ៉ាងណា ចាន់ ស្រីខួច បានបញ្ជាក់ថា ចូលចិត្តតែងខ្លួនបែបស៊ីវិល័យមែន តែខ្លួនមិនមានភាព ក្លាហានដូចអូន ហ្វាហ្វា ក្នុងការថតរឿងបែបស្នេហាស្រើបស្រាលពុះកញ្រ្ជោលនោះទេ ។
លេចមុខនៅក្នុងអាជីពសិល្បៈរយៈពេលខ្លីក៏ពិតមែន តែអតីតកុមារីដែលធ្លាប់ បង្ហាញមុខនៅក្នុងកម្មវិធី The Voice Kids Cambodia កាលពីឆ្នាំ ២០១៧ ចាន់ ស្រីខួច ហាក់ឡើងកូដគ្រាន់បើ ដោយកញ្ញាទទួលបានការទំនាក់ទំនងឱ្យ ថតរឿងភាគទូរទស្សន៍ ភាពយន្តខ្នាតធំ ការដើរម៉ូដរួម និងស្ប៉តពាណិជ្ជកម្មជាច្រើន។ ជួបជាមួយ Lee News តាមទូរស័ព្ទ ចាន់ ស្រីខួច បានប្រាប់ថា សម្រាប់ កញ្ញាផ្ដោតតែការថត ស្ប៉ត ច្រៀង និងដើរម៉ូដប៉ុណ្ណោះ ដោយឡែក ការថតរឿងខ្លួនមិនទាន់ទទួលយកទេដោយសារមិនមានពេលវេលាគ្រប់គ្រាន់ ។
អ្វីដែលកត់សម្គាល់ដ្បិតនិយមថតរូប និងរៀបចំខ្លួនបែបស្ទីលសិចស៊ីក៏ពិតមែន តែតារាសម្តែងវ័យ១៨ឆ្នាំរូបនេះបែរជាប្រាប់ថា មិនមានភាពក្លាហានក្នុងការសម្តែងរឿងដែលមានឈុតឆាកស្នេហាដូច អូនស្កាយ ឡើយ ។ « និយាយត្រង់ចុះពេលខ្លះកុំថាឡើយ សម្តែងបែបឈុតព្រឺព្រួចបែបនោះសូម្បីតែថតឈុតស្នេហាថើបគ្នាស្និទ្ធពេកក៏ខ្ញុំមិនទទួលថតដែរ។ ភាគច្រើនអ្នកដឹកនាំមួយចំនួន គិតថាខ្ញុំហ៊ានសម្តែងឈុតនេះ ព្រោះឃើញខ្ញុំចូលចិត្តតែងខ្លួនសិចស៊ី តែការពិត ខ្ញុំមិនហ៊ានសម្តែងឈុតបែបនេះឡើយ »។ ទាំងនេះជាការលើកឡើងរបស់តារា ចម្រៀង ចាន់ ស្រីខួច ។
ដ្បិតក្តីស្រមៃចង់ក្លាយជាតារាចម្រៀងល្បីក៏ពិតមែន តែ ចាន់ ស្រីខួច មិនមាន បំណងចង់ចូលទ្រនំជាក់លាក់ណាមួយឡើយ ដោយកញ្ញាប្រាប់ថា ចង់ធ្វើជាតារាចម្រៀងឯករាជ្យ។ ណាមួយនាងមានក្រុមផ្ទាល់ខ្លួនបើខាងផលិតកម្មណា ចង់បានលុះត្រាតែយកទាំងក្រុមទើបនាងព្រមទទួលថត។ សម្រាប់នៅក្នុងឱកាសឆ្នាំ២០២៣ ខាងមុខនេះ ចាន់ ស្រីខួច ត្រៀមនឹងបង្ហាញសកម្មភាពថ្មីៗ និងប្លែកៗ ជូនដល់ហ្វេន ហ្វេនផងដែរ ៕
សូមបញ្ចេញមតិនៅទីនេះ