ព្រហស្បតិ៍ , 05 មករា 2023
សម្ដេចក្រឡាហោម ស ខេង ៖ គ្រប់កីឡាករ-កីឡាការិនីរបស់ក្រសួងមហាផ្ទៃដាច់ខាតត្រូវតែគ្មានសារធាតុញៀន
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនីនៃអគ្គលេខាធិការដ្ឋានអង្គភាព ក្រុមព្រឹក្សាកីឡាក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា គ្រប់កីឡាករ-កីឡាការិនីរបស់ក្រសួងមហាផ្ទៃបើពិនិត្យឃើញថា មានសារធាតុញៀន នឹងបណ្ដេញចេញពីអង្គភាព។
សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះថា « ខ្ញុំសូមអំពាវនាវកីឡាករ-កីឡាការិនីរបស់យើងជៀសវាងដាច់ខាតពីការព្រឹត្តិនូវអំពើមិនគប្បីផ្សេងៗ ហើយនិងត្រូវជៀសវាងដាច់ខាតនូវការប្រើប្រាស់គ្រឿងញៀន។ ចំណុចនេះខ្ញុំស្នើថា ប្រសិនជាមិនទាន់មានវិធានការជាក់លាក់ទេ ក្នុងរយៈពេលកន្លងទៅនេះ ចាប់ពីនេះទៅ សូមឯកឧត្ដម ស សិទ្ធិ អនុរដ្ឋលេខាធិការទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ចាត់ទុកការធ្វើតេស្តនេះជាការចាំបាច់ យើងមិនបាច់និយាយដល់ថា ជាកាតព្វកិច្ចទេ ប៉ុន្តែចង់និយាយថា គឺជាការចាំបាច់មិនអាចខានបាន»។
សម្ដេចបានសង្កត់ធ្ងន់ថា « បើកាលណាខកខានមិនបានធ្វើតេស្ត សារធាតុញៀនគឺយើងមិនអនុញ្ញាតឲ្យចូលរួមប្រកួតទេ។ ចឹងមុនចូលរួមប្រកួតប្រជែង ចាំបាច់ត្រូវតែមានការបញ្ជាក់អំពីការធ្វើតេស្តសារធាតុញៀនជាមុនសិន។ បើអវិជ្ជមានយើងអនុញ្ញាតឲ្យប្រកួត ឲ្យចូលហាត់ តែបើវិជ្ជមានយើងមិនអនុញ្ញាតឲ្យប្រកួត មិនមែនត្រឹមមិនអនុញ្ញាតប៉ិនហ្នឹងទេ ក៏មិនអនុញ្ញាតឲ្យនៅក្នុងកីឡាករក្រសួងមហាផ្ទៃដែរ»។
ជាមួយគ្នានោះលោក ស សិទ្ធ ក៏បានមានប្រសាសន៍ដែរថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពិតជាមានកិត្តិយសដ៏ធំធេង ដែលសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនីនៃអគ្គលេខាធិការដ្ឋាន នាឱកាសដ៏វិសេសវិសាលនេះ៕
សូមបញ្ចេញមតិនៅទីនេះ