អង្គារ , 10 មករា 2023
ភ្នំពេញក្រោន ប្រកាសនាំចូលខ្សែបម្រើស្លាប ឡុង ភារ៉ាត់ និងបន្តកិច្ចសន្យាថ្មីជូន Takaki Ose
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានប្រកាសនាំចូលខ្សែបម្រើស្លាប ឡុង ភារ៉ាត់ ត្រៀមសម្រាប់ពានរង្វាន់នានា នៅរដូវកាល ២០២៣/២០២៤ នេះ។
ឡុង ភារ៉ាត់ គឺអតីតយុវជនថ្នាលយុវជនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន កាលពីឆ្នាំ ២០១១ ដោយរួមរស់នៅកីឡដ្ឋាន RSN នេះអស់រយ:ពេល ៥ឆ្នាំ មុនចូលរួមជាមួយវេស្ទើនភ្នំពេញ ក្នុងឆ្នាំ២០១៦។
នៅឆ្នាំ ២០១៨ ឡុង ភារ៉ាត់ បានផ្លាស់ទៅចូលរួមជាមួយក្លិបសូលទីឡូអង្គរ ដែលមានមូលដ្ឋាននៅទឹកដីសៀមរាប លុះដល់ឆ្នាំ ២០១៩ ទើបបន្តផ្ទេរទៅចូលរួមជាមួយក្លិបអង្គរថាយហ្គឺរ ខណ:ដើមឆ្នាំ ២០២២ ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង។
គួរដឹងថាកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor បានប្រកាសចែកផ្លូវជាមួយកីឡាករខ្មែរចំនួនបួនរូបមានដូចជា៖ ឃៀង ម៉េងហួរ រស់ គង់សំរេច ត្រាយ វិចិត្រ និងឡុង ភារ៉ាត់។
ក្រៅពីនាំចូលកីឡាករ ឡុង ភារ៉ាត់ ក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏បានប្រកាសបន្តកិច្ចសន្យាថ្មីជូនខ្សែការពារជប៉ុនពាក់អាវលេខ៣ Takaki Ose ១រដូវកាលបន្ថែមទៀត៕
សូមបញ្ចេញមតិនៅទីនេះ