ពុធ , 11 មករា 2023
ប៉ូឡូញ ចង់បាន Steven Gerrard មកដឹកនាំជម្រើសជាតិ
លោក Steven Gerrard ជាបេក្ខភាពមួយរូបអាចនឹងក្លាយជាគ្រូថ្មីនៃក្រុមជម្រើសជាតិបាល់ទាត់ប៉ូឡូញ។ Gerrard ទំនេររយៈពេល២ខែកន្លះមកហើយ ក្រោយបាត់បង់ការងារនៅក្រុម Aston Villa។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun និង Daily Mail។
បុរសសញ្ជាតិអង់គ្លេស បានមកដឹកនាំ Villa ក្រោយសាងស្នាដៃនៅក្លិប Rangers ជួយក្រុមឈ្នះពានលីគកំពូលនៅស្កុតឡែន នៅឆ្នាំ២០២១។ ពេលនេះ មានការទាក់ទងចង់បានលោកទៅដឹកនាំជម្រើសជាតិប៉ូឡូញ ដើម្បីត្រៀមព្រឹត្តិការណ៍ Euro ២០២៤។
សេចក្ដីរាយការណ៍មួយបានចេញផ្សាយថា សហព័ន្ធបាល់ទាត់ប៉ូឡូញ បានទាក់ទងទៅកាន់ Gerrard ដើម្បីមកជំនួសកន្លែងលោក Czeslaw Michbniewicz ដែលមិនបន្តកុងត្រា បន្ទាប់ពីប៉ូឡូញធ្លាក់ចេញពី World Cup ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ លោក Herve Renard ដែលដឹកនាំក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត នៅ World Cup ក៏ជាបេក្ខភាពប៉ូឡូញ កំពុងពិចារណាដូចគ្នា។
សហព័ន្ធបាល់ទាត់ប៉ូឡូញ បានទាក់ទងទៅ Gerrard ប៉ុន្មានថ្ងៃទៅហើយ ខណៈបុរសវ័យ៤២ឆ្នាំ កំពុងថ្លឹងថ្លែងចំពោះសំណើរនេះ។ លោក Roberto Martinez អតីតគ្រូរបស់ Everton និង ប៊ែលហ្ស៊ិក ក៏ធ្លាប់ត្រូវបានប៉ូឡូញ ចាប់អារម្មណ៍ដែរ មុនពេលលោកត្រូវតែងតាំងជាគ្រូរបស់ជម្រើសជាតិ ព័រទុយហ្គាល់៕
សូមបញ្ចេញមតិនៅទីនេះ