ពុធ , 18 មករា 2023
ស្ងាត់ៗ Wolves យកបានខ្សែបម្រើប្រយុទ្ធមិនសូវមាននាក់ស្គាល់ម្នាក់ពី PSG
ក្លិប Wolverhampton Wanderers បានចុះកុងត្រាផ្ទេរយកខ្សែបម្រើប្រយុទ្ធសញ្ជាតិអេស្ប៉ាញ កីឡាករ Pablo Sarabia ពីក្លិប Paris St-Germain ក្នុងតម្លៃខ្លួន ៤,៤លានផោន។
កីឡាករវ័យ ៣០ឆ្នាំ បានចូលរួមជាមួយក្លិប Wolves ដែលកំពុងស្ថិតនៅលេខ ១៦ក្នុងតារាងពិន្ទុ Premier League ដោយយល់ព្រមកុងត្រារយៈពេល២ឆ្នាំកន្លះ។ Sarabia បានចាកចេញពីក្លិប Sevilla កាលពីឆ្នាំ២០១៩ ចូលរួមជាមួយ PSG រកបាន ១១គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៥ប្រកួតក្នុង Ligue 1។
Sarabia ចូលលេងឲ្យឈុតធំអេស្ប៉ាញ ដំបូងកាលពីឆ្នាំ២០១៩ ដោយរកបាន ៩គ្រាប់ ក្នុងការបង្ហាញខ្លួន ២៦ប្រកួត។ គេក៏ជាសមាជិកក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ នៅព្រឹត្តិការណ៍ World Cup ឆ្នាំមុន និងបានចូលលេងមួយប្រកួត ពេលដែលប្ដូរចូលលេងទល់នឹង ម៉ារ៉ុក។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ សប្ដាហ៍មុន Wolves ទើបតែបញ្ចប់ការផ្ទេរខ្សែបម្រើសញ្ជាតិហ្គាបុង កីឡាករ Mario Lemina ពីក្លិប Nice ខណៈកាលពីខែធ្នូ ពួកគេបានខ្ចីជើងខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha ពីក្លិប Atletico Madrid៕
សូមបញ្ចេញមតិនៅទីនេះ