សៅរ៍ , 16 កក្កដា 2022
ទីបំផុត! Robert Lewandowski សម្រេចចូលរួមជាមួយ Barcelona ក្នុងតម្លៃខ្លួន ៥០ លានផោន
(បាល់ទាត់)៖ ខ្សែប្រយុទ្ធ Robert Lewandowski នឹងចូលរួមជាមួយក្រុមអ្នកមានបុណ្យ FC Barcelona នៅចុងសប្តាហ៍នេះ ជាមួយតម្លៃ ខ្លួនផ្ទេរ ៥០ លានផោន។
មែនទែនទៅ Lewandowski វ័យ ៣៣ឆ្នាំ នៅសល់តែមួយឆ្នាំទៀត លើកិច្ចសន្យាជាមួយ Bayern Munich ហើយបានប្រាប់ម្ចាស់ជើងឯកអាល្លឺម៉ង់ថា លោកនឹងមិនចុះហត្ថលេខាលើកិច្ចសន្យាថ្មីទេ ប៉ុន្តែកាលពីថ្ងៃសុក្រ បានឃើញភាពជោគជ័យមួយក្នុងការចរចា ដោយពេលនេះ Bayern បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេចាកចេញ។
យោងតាមប្រភពពីលោក Fabrizio Romano បានបញ្ជាក់ថា Lewandowski នឹងហោះហើរទៅកាន់ប្រទេសអេស្ប៉ាញ នៅថ្ងៃសៅរ៍ ដើម្បីពិនិត្យសុខភាព មុនពេលចុះកិច្ចសន្យារយៈពេលបីឆ្នាំ ជាមួយជម្រើសរយៈពេល ១២ខែ បន្ថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ការចាកចេញរបស់ Lewandowski នឹងជួយ Bayern ក្នុងការផ្តល់ហិរញ្ញប្បទានក្នុងការចុះហត្ថលេខាលើ Matthijs de Ligt ពី Juventus ដែលបានកំណត់តម្លៃខ្សែការពារកណ្តាល ប្រហែល 80 លានអឺរ៉ូ បូករួមទាំងប្រាក់រង្វាន់ផ្សេងៗទៀត នេះបើយោងតាម Sky in Italy ។
គួរបញ្ជាក់ថា Lewandowski បានមកដល់ទីក្រុង Munich ពី Borussia Dortmund ក្នុងឆ្នាំ ២០១៤ ដោយបានស៊ុតបញ្ចូលទី ២៣៨គ្រាប់ យ៉ាងមិនគួរឱ្យជឿក្នុង ២៥៣ ប្រកួត។ គាត់បានឈ្នះពានរង្វាន់លីកចំនួន 8 និងពានរង្វាន់ Champions League មួយនៅ Bayern ហើយបានបង្កើតកំណត់ត្រាថ្មីនៃ Bundesliga ក្នុងឆ្នាំ ២០២០-២១ ដោយស៊ុតបាន ៤១ គ្រាប់៕
សូមបញ្ចេញមតិនៅទីនេះ