សុក្រ , 15 កក្កដា 2022
តារាសម្តែង សួង សុខារ៉ានីត អង្វរចិត្តអ្នករកស៊ីអនឡាញ និងលេងបណ្តាញសង្គម កុំបំពុលសង្គម ដើម្បីទាញយកផលប្រយោជន៍!
បច្ចុប្បន្ន នៅលើបណ្តាញសង្គមប្រមូលផ្តុំដោយរឿងរ៉ាវប្លែកៗ មិនចេះចប់មិនចេះហើយ បន្តកន្ទុយគ្នាមិនចេះដាច់ អស់ពីមួយរឿងចូលមួយរឿង ដូចរឿងភាគ ឥណ្ឌា ដើម្បីទាញផលប្រយោជន៍ឱ្យមហាជនស្គាល់ ទោះបីជារងការរិះគន់ក្តី សំខាន់ឱ្យតែទទួលបាន Like, Share ច្រើន។ នេះជាហេតុផលដែលធ្វើឱ្យបណ្តាញសង្គម ពោរពេញដោយរឿងរ៉ាវដែលមហាជនហៅថា «បំពុលសង្គម»។
ជាក់ស្តែងថ្មីៗនេះ នៅលើបណ្តាញសង្គមក៏ផ្ទុះរឿងស្នេហា ព្រោះលុយ អាចទាញចិត្តបុរសសង្ហាងាកទៅស្រវាអ្នកផ្សេង និងរឿងហែងកេរ្តិ៍គ្រួសារប្តឹងផ្តល់គ្នា និងរឿងរ៉ាវមួយចំនួនទៀត ដើម្បីតែទាញ View ហ៊ានសូម្បីយកគ្រាប់បែក មកថតវីដេអូ ទោះត្រូវសន្ធឹកមហាជនរិះគន់យ៉ាងចាស់ដៃក្តី។
ដោយមើលឃើញពីសកម្មភាពបច្ចុប្បន្ន ពោរពេញដោយការសម្តែងខ្លាំងពេក តារាសម្តែងអ្នកនាង សួង សុខារ៉ានីត ហៅ ពីងៗរ៉ូស ក៏បានថ្លែងមកកាន់ Lee News ព្រមទាំងបានសំណូមពរដល់អ្នកមួយចំនួនទៀតកុំឱ្យរៀបចំ «សេណាឌីយោ» ដើម្បីតែចង់ទាញចំណាប់អារម្មណ៍មហាជន ឱ្យស្គាល់ផលិតផលរបស់ខ្លួន លែងគិតសីលធម៌ ក្នុងសង្គម ប្រាសចាកអស់ពីឧត្តមគតិរបស់ខ្លួន។
តារាសម្តែងខាងលើនេះ បន្តទៀតថា បណ្តាញសង្គមប្រើប្រាស់ដើម្បីទទួលបានចំណេះដឹង ការកម្សាន្តនានា មិនមែនយកហ្វេកប៊ុកមកធ្វើជាតុលាការ ឱ្យមហាជនកាត់ក្តីថា អ្នកណាឈ្នះ អ្នកណាចាញ់ នោះទេ ហើយនាងសុំចិត្ត ឈប់បន្តធ្វើរឿងទាំងនេះទៀតទៅ បើមិនចង់ឱ្យសង្គមខ្មែរកាន់តែយ៉ាប់ជាងនេះ។
គួរបញ្ជាក់ផងដែរថា កន្លងមក តារាសម្តែងស៊ិចស៊ី សួង សុខារ៉ានីត បានលេចវត្តមានក្នុងខ្សែភាពយន្តជាច្រើន ខណៈបច្ចុប្បន្ននេះ នាងកំពុងបញ្ចេញស្នាដៃថ្មី ក្នុងខ្សែភាពយន្តបែបប្រវត្តិតស៊ូមួយ គឺរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ក្នុងតួនាទីជា «មេទាហ៊ាន»៕
សូមបញ្ចេញមតិនៅទីនេះ