ព្រហស្បតិ៍ , 14 កក្កដា 2022
ញ៉ាក់សាច់! ក្លឹបមួយនៅអារ៉ាប់ ហ៊ានចំណាយលុយ ៣០០លានអឺរ៉ូ ដើម្បីយក Ronaldo ពី Manchester United
(បាល់ទាត់’)៖ ក្លិបបិសាចក្រហម Manchester United បានទទួលការដេញថ្លៃបើកចំហរពីក្លឹបអារ៉ាប៊ីសាអូឌីតមួយ សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ដែលអាចទទួលបានប្រាក់បៀវត្សរ៍ ២៥០លានផោនក្នុងរយៈពេលត្រឹមតែ ២ឆ្នាំ នេះបើយោងតាមរបាយការណ៍។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ ៣៧ឆ្នាំ ត្រូវបានគេជឿថា ចង់ចាកចេញពី Old Trafford ក្នុងការស្វែងរកការប្រកួតប្រជែងថ្មីនៅរដូវក្តៅនេះ បន្ទាប់ពីមានការខកចិត្តកាន់តែខ្លាំង ចំពោះការបរាជ័យរបស់ Man Utd ដែលមិនមានកៅអីលេងនៅ Champions League នៅរដូវកាលក្រោយ។
ក្លឹបធំៗដូចជា Bayern Munich, Chelsea និង Napoli សុទ្ធតែមានចំណាប់អារម្មណ៍ចង់ទិញ Ronaldo ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែមិនទាន់ដាក់សំណើសុំហត្ថលេខារបស់គាត់នៅឡើយទេ។
យោងតាមសារព័ត៌មាន CNN ព័រទុយហ្គាល់ បានឱ្យដឹងថា ក្លឹបអារ៉ាប៊ីសាអូឌីតដែលមិនបញ្ចេញឈ្មោះ បានលេចចេញជាអ្នកដេញថ្លៃដំបូងដ៏គួរឱ្យភ្ញាក់ផ្អើល ជាមួយនឹងសំណើរប្រាក់ដ៏ច្រើន ដែលនឹងធ្វើឱ្យ Ronaldo ទទួលបានលើសពី ១០០ លានផោន ក្នុងមួយរដូវកាល។
វាត្រូវបានគេនិយាយថា ការផ្តល់ជូននេះ រួមបញ្ចូលទាំងតម្លៃផ្ទេរ ប្រហែល ៣០លានផោន ដែលលើសពីតួលេខដែល United បានចំណាយ ដើម្បីយករូបគាត់ពី Juventus កាលពីរដូវក្តៅមុនទៅទៀត។ បន្ទាប់មក Ronaldo នឹងត្រៀមទទួលប្រាក់បៀវត្សរ៍សរុបចំនួន ២៥០ លានផោន ជាមួយនឹងកិច្ចសន្យារយៈពេល ២ឆ្នាំ ខណៈលោក Jorge Mendes ដែលជាភ្នាក់ងាររបស់ Ronaldo នឹងទទួលបាន ២០ លានអឺរ៉ូផងដែរ ប្រសិនបើកិច្ចព្រមព្រៀងនេះកើតឡើង។ ដូច្នេះ បើបូកទាំងប្រាក់ឈ្នូលរបស់ Ronaldo ការចំណាយទៅឲ្យក្លិបបិសាចក្រហម និងភ្នាក់ងារ ក្លិបនៅអារ៉ាប់មួយនេះ ចំណាយលុយសរុប ៣០០លានអឺរ៉ូ។
គួរបញ្ជាក់ថា Ronaldo ត្រូវបានគេផ្តល់ការអនុញ្ញាតពិសេស ក្នុងការពន្យារពេលការត្រលប់មក Man Utd វិញមុនរដូវកាល ដោយសារហេតុផលគ្រួសារ ហើយមិនទាន់ប្រាប់ប្រធានក្លឹបថា នៅពេលណាដែលលោកនឹងត្រលប់មក Manchester នៅមុនយុទ្ធនាការថ្មីនោះទេ។
Ronaldo ត្រូវបានគេនិយាយថា មានការរំខាន ចំពោះការអវត្តមាននៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ UCL បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ខណៈដែលការខ្វះខាតរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ក៏ជាផ្នែកមួយនៃការខកចិត្ត សម្រាប់ខ្សែប្រយុទ្ធផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ