ពុធ , 13 កក្កដា 2022
បិសាចក្រហម និងតោខៀវ មិនយក Neymar មកចូលរួមក្រុម ដោយសារហេតុផលមួយ
(បាល់ទាត់)៖ ក្លឹបយក្សនៅ Premier League ចំនួនពីរគឺ ក្រុមបិសាចក្រហម Manchester United និងតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា ត្រូវបានរារាំងការចុះហត្តលេខាយក ខ្សែប្រយុទ្ធ Paris Saint-Germain (PSG) កីឡាករ Neymar Jr. ដោយសារប្រាក់បៀវត្សរ៍ របស់កីឡាកររូបនេះ។
យោងតាម Independent ខ្សែប្រយុទ្ធវ័យ 30ឆ្នាំ រកបានប្រាក់ចំនួន 35 លានផោន ក្នុងមួយរដូវកាល ដូច្នេះ ទាំង Manchester United និង Chelsea នឹងមិនមានឆន្ទៈក្នុងការចុះហត្ថលេខាជាមួយកីឡាករពូកែលេង Skill នេះទេ។
Neymar បានចូលរួមជាមួយ PSG ពី Barcelona ក្នុងឆ្នាំ 2017 ក្នុងតម្លៃកំណត់ត្រាពិភពលោក 222 លានអឺរ៉ូ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានស៊ុតបញ្ចូលទីបាន 100 គ្រាប់ និងផ្តល់ជំនួយ 60 ដង ក្នុង 144 ប្រកួតសម្រាប់ក្រុម PSG ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាកររូបនេះ មិនអាចជួយឲ្យក្លិបបារាំងឈ្នះពាន Champions League (UCL) ដែលជាពានតែមួយគត់ ដែលក្លិបចង់បាននោះទេ។
និយាយអោយអស់ទៅ Neymar គឺជាកីឡាករម្នាក់ ក្នុងចំនោមកីឡាករ PSG ដែលត្រូវបានអ្នកគាំទ្រខ្លួនឯងស្រែកជេរ បន្ទាប់ពីពួកគេធ្លាក់ចេញពី UCL ក្នុងវគ្គ 16 ក្រុមចុងក្រោយ ក្រោមស្នាដៃម្ចាស់ជើងឯក Real Madrid ។
គួរបញ្ជាក់ថា ម្ចាស់ជើងឯក Ligue 1 ឥឡូវនេះ កំពុងចង់លក់ Neymar ចេញ នៅរដូវក្តៅនេះ បន្ទាប់ពីថ្នាក់ដឹកនាំក្លិប កំពុងពិភាក្សាដកអាវលេខ១០ របស់ Naymar ទៅឲ្យ Messi ពាក់វិញ ព្រោះកីឡាករសញ្ជាតិអាហ្សង់ទីន ស្ថិត្តក្នុងផែនការរបស់ក្លិបនៅរដូវកាលក្រោយនេះ។ ភ្នាក់ងាររបស់គេ បានជូនដំណឹងដល់ Chelsea, Manchester United, Manchester City និង Newcastle United។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងប្រាក់ឈ្នួលខ្ពស់បែបនេះ វាប្រហែលជាមិនទំនង ដែលក្លឹបណាមួយនឹងចុះហត្ថលេខាលើរូបលោកនៅរដូវក្តៅនេះទេ៕
សូមបញ្ចេញមតិនៅទីនេះ