អង្គារ , 12 កក្កដា 2022
ព្រោះតែលុយ បានចងជើង ប៊េប៊ី មិនឲ្យវិលមកឆាកសិល្បៈ
ភ្នំពេញ ៖ ជាច្រើនឆ្នាំមកហើយដែលតារាចម្រៀង និង សម្តែង ប៊េប៊ី បានផ្អាកពីអាជីពសិល្បៈដោយងាកទៅពង្រឹងការងាររកស៊ីជំនួសវិញ ។ ទោះបីជាពេលនេះ ប៊េប៊ី ចង់វិលត្រឡប់មកសាងស្នាដៃក្នុងសិល្បៈវិញក៏មិនមែនជារឿងងាយស្រួលដែរ សូម្បីតែរូបនាងផ្ទាល់ក៏មិនមានជំនឿចិត្តថានាងអាចធ្វើបានដូចមុនឡើយ ។
កាលពីប៉ុន្មានឆ្នាំមុនកញ្ញា ប៊េប៊ី មិនត្រឹមតែជាតារាសម្តែងដ៏លេចធ្លោប៉ុណ្ណោះទេ នាងថែមទាំងបានវិឌ្ឍន៍ខ្លួនទៅជាតារាចម្រៀងផងដែរ ដោយបានចូលច្រៀងនៅក្នុងផលិតកម្ម ថោន ។ ចាប់តាំងពីពេលនោះមក ប៊េប៊ី បានបោះបង់អាជីពសម្តែងចោលទាំងស្រុង ដើម្បីផ្តោតអារម្មណ៍លើវិស័យចម្រៀង ។ ប៉ុន្តែការងាកមកសាងកេរ្តិ៍ឈ្មោះឱ្យល្បីនៅក្នុងអាជីពចម្រៀងមិនបានប៉ុន្មានផង ស្រាប់តែ ប៊េប៊ី ប្រកាសផ្អាក អាជីពសិល្បៈទាំងស្រុង ដើម្បីទៅបើកហាងកាហ្វេវិញ ដោយនាងបានពង្រើកសាខាជាច្រើនកន្លែង ហើយក្នុងមួយខែៗរកបានប្រាក់ចំណូលយ៉ាងច្រើន រហូតធ្វើឱ្យនាងភ្លេចសិល្បៈ ។
ជួបជាមួយកញ្ញា ប៊េប៊ី កាលពីពេលថ្មីៗនេះ នាងនៅតែអះអាងថា ស្រឡាញ់និងចង់វិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះក្នុងអាជីពចម្រៀងឡើងវិញ តែពេលនេះនាងពិតជាមមាញឹកខ្លាំងនៅក្នុងការងាររកស៊ី នាងថែមទាំងមានបំណងពង្រើកសាខាជាច្រើនកន្លែងទៀតដើម្បីតម្រូវការអតិថិជន ។ ម្យ៉ាងវិញទៀត បើវិលត្រឡប់មកវិស័យចម្រៀងវិញមិនដឹងថា មានការគាំទ្រឬអត់ទេ ពីព្រោះបច្ចុប្បន្នមានតារាចម្រៀងក្មេងៗមានទេពកោសល្យច្រើនណាស់ មានតែរង់ចាំមើលពេលវេលាល្អមកដល់សិន បើគិតថាអាចដើរទៅមុខបាន និងមានអ្នកគាំទ្រដូចមុន ទើបនាងវិលមកកាន់ក្បាលមេក្រូឡើងវិញ ។
ក្រោយស្ងាត់ពីសិល្បៈកញ្ញា ប៊េប៊ី ក៏មិនមានធ្លាយមានដំណឹងល្អដូចជាមិត្តសិល្បករមួយចំនួនដែរ នាងនៅតែបន្តបើកបេះដូងដើម្បីជ្រើសរើសយកបុរសក្នុងក្តីស្រមៃដើម្បីរៀបការ គ្រាន់តែក្នុងពេលនេះ នាងរកដៃគូល្អមិនទាន់ឃើញនៅឡើយទេ ៕
សូមបញ្ចេញមតិនៅទីនេះ