អង្គារ , 12 កក្កដា 2022
លោក Erik ten Hag បញ្ជាក់ជាថ្មីថា Ronaldo មិនមែនសម្រាប់លក់នោះទេ
(បាល់ទាត់)៖ អ្នកចាត់ការក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag បានបញ្ជាក់ជាថ្មីម្ដងទៀតថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo គឺមិនមែនសម្រាប់លក់នោះទេ ហើយនៅក្នុងផែនការរបស់យើង សម្រាប់រដូវកាលថ្មី។
លោក Ten Hag អតីតអ្នកចាត់ការទូទៅរបស់ Ajax បាននិយាយថា៖«Cristiano Ronaldo មិនមែនសម្រាប់លក់ទេ គាត់ស្ថិតនៅក្នុងគម្រោងរបស់យើង គាត់មិននៅជាមួយយើងដោយសារបញ្ហាផ្ទាល់ខ្លួន»។
បុរសសញ្ជាតិហូឡង់រូបនេះ បានបន្តថា “យើងកំពុងរៀបចំផែនការជាមួយ Cristiano Ronaldo សម្រាប់រដូវកាលនេះ ។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយគាត់។ ខ្ញុំបាននិយាយជាមួយ Cristiano មុនពេលដែលបញ្ហានេះកើតឡើង។ ខ្ញុំបាននិយាយល្អជាមួយគាត់ ហើយគាត់មិនបានប្រាប់ខ្ញុំថាគាត់ចង់ចាកចេញទេ យើងចង់ជោគជ័យជាមួយគ្នា”។
មែនទែនទៅ ការអវត្តមានរបស់ Ronaldo ក្នុងដំណើរទេសចរណ៍នេះ និងការខកខានការវិលត្រឡប់ទៅហ្វឹកហាត់មុនរដូវកាលនៅ Carrington បានជំរុញឱ្យមានការរំពឹងទុកអំពីអនាគតរបស់ Ronaldo ថាគាត់នឹងចាកចេញ ឬក៏យ៉ាងណា។
គួរបញ្ជាក់ថា ក្រុមនៅ Old Trafford មួយនេះ នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមហង្សក្រហម Liverpool នៅប្រទេសថៃ នៅថ្ងៃអង្គារនេះ មុនពេលហោះហើរទៅកាន់ប្រទេសអូស្ត្រាលី៕
សូមបញ្ចេញមតិនៅទីនេះ