សុក្រ , 08 កក្កដា 2022
Bruno Fernandes នឹងប្ដូរពីលេខ១៨ មកពាក់លេខនេះវិញនៅបិសាចក្រហម
ខ្សែបម្រើ Bruno Fernandes បានផ្លាស់ប្ដូរលេខអាវរបស់ខ្លួនពីលេខ១៨ មកលេខ៨វិញនៅ Manchester United ដើម្បីត្រៀមរដូវកាលថ្មីជាមួយ។
កីឡាករវ័យ២៧ឆ្នាំសញ្ជាតិព័រទុយហ្គាល់បានពាក់អាវលេខ១៨ ចាប់តាំងពីមកដល់កីឡដ្ឋាន Old Trafford កាលពីខែមករា ឆ្នាំ២០២០។ ប៉ុន្តែពេលនេះគេបានប្ដូរមកពាក់លេខ៨វិញហើយ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Juan Mata ចាកចេញពីក្លឹបកាលពីបញ្ចប់រដូវកាល។
គេធ្លាប់ពាក់លេខ៨តាំងតែពេលលេងជាមួយក្លិបមុនៗដូចជា Udinese, Sporting Lisbon ហើយក្នុងជម្រើសជាតិព័រទុយហ្គាល់ក៏ប្រើប្រាស់លេខនេះដូចគ្នា។ វាគឺជាលេខពិសេសក្នុងចិត្តរបស់ Bruno ដោយសារតែគេកើតនៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ១៩៩៤។
ដោយសារតែជាលេខសំណព្វចិត្ត Bruno ថែមទាំងមានសាក់លេខ៨លើដៃស្ដាំរបស់ខ្លួនទៀតផង។ គេនឹងចាប់ផ្ដើមពាក់លេខថ្មីនេះក្នុងការប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មីដែលនឹងត្រូវលេងទល់ជាមួយ Liverpool, Melbiurne Victory, Crystal Palace, Aston Villa, Atletico Madrid និង Ray Vallecano៕
សូមបញ្ចេញមតិនៅទីនេះ